ខេត្តស្វាយរៀង៖ មន្ត្រីសាខា ក ប ប ខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្តសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារជីភូ ដោយបន្តរកឃើញពពុះសណ្តែកផលិតក្នុងស្រុកនិងនាំចូលពីប្រទេសវៀតណាម មានសារធាតុគីមី ( Borax ) ជាច្រើនគីឡូក្រាមព្រមទាំងបង្អែមបាញ់ឌុក មីកំប៉ុង ទឹកក្រូច នំចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ស្ថិតនៅសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានឱ្យដឹងថា នាថ្ងៃនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួននៅផ្សារជីភូ និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន២៣គំរូដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជាពពុះសណ្តែកចំនួនចំនួន១៥ថង់ ស្មើ១៣គ.ក្រ.ផលិតក្នុងស្រុកមានសារធាតុគីមី ( Borax ), ពពុះសណ្តែកចំនួន១៣ថង់ ស្មើ៩គ.ក្រ. នាំចូលពីប្រទេសវៀតណាមមានសារធាតុគីមី ( Borax ), បង្អែមបាញ់ឌុកចំនួន១គ.ក្រ. មានសារធាតុគីមី ( Borax ), មីកំប៉ុង ចំនួន២០កំប៉ុងហួសកាលបរិច្ឆេទប្រើប្រាស់, ទឹកក្រូចកូកាចំណុះ១,៥០ លីត្រ ស្មើ២០ដបហួសកាលបរិច្ឆេទប្រើប្រាស់, នំចម្រុះចំនួន៤គ.ក្រ( ខូចគុណភាព )
ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល ស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រី(ក ប ប )របស់លោក នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀងឲ្យបានញឹកញាប់បន្ថែមទៀត។
ចំណែកអ្នកលក់ដូរនៅផ្សារជីភូក្រុងបាវិតក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ និញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹងពីផលប៉ះ ពាល់ដល់សុខភាពនិងអាយុជីវិតរបស់បងប្អូនអ្នកទិញនៅពេលដែលប្រើប្រាស់ទំនិញខូចគុណភាពនោះ៕
ដោយ៖ យឹម សុថាន