នេះជាទស្សន:រួមដែលមនុស្សទូទៅគួរយល់ដឹង។
“អ្នកស្រឡាញ់សង្គម គឺហៅថាជាតិនិយម ហើយអ្នកជាតិនិយមពិតប្រាកដ គឺត្រូវឱ្យតម្លៃលើការអប់រំ។ យុវជនដែលស្រឡាញ់សង្គម គឺជាអ្នកដែលប្រឹងរៀន ហើយយុវជនប្រឹងរៀន គឺជាយុវជនជាតិនិយមពិតប្រាកដ”។
មនុស្សដែលមានការអប់រំល្អបំផុត គឺជាបុគ្គលដែលគ្រោះថ្នាក់ខ្លាំងបំផុតចំពោះអ្នកដឹកនាំអាក្រក់បំផុត។ អ្នកចេះសុខចិត្តដាច់ក្បាល ក៏មិនឱនក្បាលចំពោះទង្វើអយុត្តិធម៌ដែរ។ អ្នកចេះសុខចិត្តក្រ ក៏មិនលន់តួអង្វរនរណាម្នាក់ដែរ។ នេះគឺជាអំណាចនៃការអប់រំ។ ទ្រឹស្ដីយុត្តិធម៌បានសរសេរថា “មនុស្សខ្លះសុខចិត្តយកយុត្តិធម៌ និងសេរីភាពរបស់ខ្លួន ទៅដោះដូរនឹងសន្តិភាព (ភាពគ្មានសង្គ្រាម)”។ នៅពេលដែលការដោះដូរបែបនេះកើតឡើងបន្តជំនាន់ ខុសកាលៈទេសៈ គឺនឹងធ្វើឱ្យការគាបសង្កត់កើតឡើងតពូជ។
អ្នកជាតិនិយម គឺជាបុគ្គលដែលឱ្យតម្លៃទៅលើការអប់រំ។ អវិជ្ជាធ្វើឱ្យមនុស្សវង្វេងរកខ្លួនឯងពុំឃើញ។ ស្វែងរកខ្លួនឯងពុំឃើញ គឺស្មើនឹងបាត់ព្រលឹង។ ជនសង្គមបាត់ព្រលឹង ជាហេតុធ្វើឱ្យសង្គមបាត់ព្រលឹង។ សង្គមបាត់ព្រលឹង គឺដោយសារតែខ្មែរយើងលែងស្គាល់ខ្លួនឯង លែងស្គាល់បងប្អូនឈាមជាតិឯង លែងពាល់ចិត្តគ្នាត្រូវ និងខ្វះភាពជាអ្នកដឹកនាំក្នុងខ្លួន។ លែងស្គាល់ខ្លួនឯង គឺមានន័យថាតើខ្លួនជានរណា? មកពីទីណា? រស់នៅដើម្បីអ្វី? លែងស្គាល់បងប្អូនឈាមជាតិឯង គឺជាធម្មជាតិនៃអ្នកដែលមិនទាន់ស្គាល់ខ្លួនឯង (បើមិនស្គាល់ខ្លួនឯ គឺពុំអាចស្គាល់អ្វីដែលនៅក្រៅខ្លួនបានឡើយ)។ ខ្វះភាពជាអ្នកដឹកនាំ គឺមានន័យថាខ្វះភាពជាគំរូ (យល់ថាមេដឹកនាំ គឺសំដៅលើមនុស្សដែលមានអំណាចតួនាទីតែងតាំង តែនេះគឺជាការយល់ខុស)។ យុវជនដែលស្រឡាញ់សង្គម គឺជាអ្នកដែលប្រឹងរៀន គឺជាយុវជនជាតិនិយមពិតប្រាកដ៕
ដកស្រង់ចេញពីសៀវភៅ «ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ»
ដោយ÷ចៅតាជេត