ខេត្តបាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ដែលធ្វេីអំពេីឈើក្រោមប្រក់ដំបូលស័ង្ហសី ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងព្រឹក អស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវរ៉ារថភ្លើង ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងចេញពីផ្ទះប្រជាពលរដ្ឋ ហើយក៏បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីតាំងខាងលេីនេះ ប៉ុន្តែដោយសារតែស្ថានភាពភ្លើងឆេះខ្លាំងពេក បានធ្វេីឲ្យប្រជាពលរដ្ឋពិបាកក្នុងការទប់ស្កាត់ រួចក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដេីម្បីទំនាក់ទំនងទៅមន្រ្តីជំនាញរថយន្តពន្លត់អគ្គិភ័យ ចេញជួយធ្វេីអន្តរាគមន៍ភ្លាមៗ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចុះដល់ចំណុចកើតហេតុនិងធ្វេីការបាញ់ពន្លត់ ដេីម្បីទប់ស្កាត់កុំឱ្យមានការឆាបឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋដ៏ទៃទៀត។
ក្រោយប្រតិបត្តិការនៅវេលាម៉ោង ៩ និង៤០នាទីព្រឹកថ្ងៃដដែល ទេីបកម្លាំងជំនាញធ្វេីការគ្រប់គ្រងស្ថានភាពបាន៩០ភាគរយ ប៉ុន្តែមិនទាន់ដឹងពីទំហំខូចខាតនោះទេ។ ជាក់ស្តែងនៅកន្លែងកើតហេតុផ្ទះជាច្រេីនខ្នងត្រូវបានរងការខូចខាតស្ទេីរទាំងស្រុង៕
ដោយ៖ រ៉ារ៉ា