ខេត្តកំពង់ធំ, នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយជូនដល់យោធិនក្រោមឱវាទ ស្ដីពីការស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដើម្បីសុខភាពយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។ ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនក្រោមឱវាទមួយចំនួនចូលរួមផងដែរ។
ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអាននូវសេចក្តីប្រកាសព័ត៌មានលេខ ០១៧ ប្រ.ក របស់ក្រសួងការពារជាតិ ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានខិតខំពុះពារគ្រប់បែបយ៉ាងដើម្បីទទួលបានវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ក្រោមជំនួយឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិន ជាមិត្តក្នុងការការពារសុខភាពជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ភ្នាក់ងារសុខាភិបាល និងប្រជាពលរដ្ឋ ដើម្បីការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាយើង។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដល់យោធិនគ្រប់រូប និងក្រុមគ្រួសារ ដែលអនុវត្តបាននូវិធានការការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ កន្លងមកតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានអំពាវនាវដល់កងកម្លាំងទាំងអស់ដែលមានគ្រប់លក្ខណៈសម្បត្តិអាចទទួលការចាក់វ៉ាក់សាំងបាន សូមត្រៀមខ្លួនអញ្ជើញទៅចាក់វ៉ាក់សាំង នៅតាមគោលដៅកំណត់របស់ថ្នាក់លើឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដែលបានកំណត់៕
ដោយ, សិលា