ហង្សក្រហម Liverpool និង PSG ធ្វើបានល្អក្រៅទឹកដីក្នុងជំនួបជើងទី១ វគ្គ១៦ក្រុម Champions League

ចែករំលែក៖

ក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីបារាំង PSG បានយកឈ្នះគូប្រកួតនៅក្រៅទឹកដីរៀងៗខ្លួនក្នុងជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រុមហង្សក្រហម Liverpool បានបំបាក់ក្រុមម្ចាស់ផ្ទះមកពីអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ក្រុមហង្សក្រហមរកបានដោយកីឡាករ Mohamed Salah នៅនាទីទី៥៣ និង១គ្រាប់ទៀតរកបានដោយកីឡាករ Mané នៅនាទីទី៥៨។ បើទោះបីជាការប្រកួតក្នុងទឹកដីកណ្តាលដែលធ្វើឡើងនៅប្រទេសកាតារក៏ដោយក៏ក្រុមហង្សក្រហមមានការគ្រប់គ្រងបាល់ច្រើនជាងដែររហូតដល់៥៣ភាគរយ។

លទ្ធផលនេះគឺជាទុនដ៏សំខាន់សម្រាប់ក្រុម Liverpool ក្នុងការប្រកួតជើងទី២បន្តទៀត ដែលនឹងត្រូវប្រកួតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅក្នុងទឹកដីក្រុមហង្សក្រហមវិញ។ ប្រសិនបើហង្សក្រហមបន្តការរក្សាទម្រង់លេងល្អបែបនេះនោះនឹងអាចឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមិនខាន។

ចំណែកក្រុមខ្លាំងមកពីបារាំង PSG បានបំបាក់ក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona សម្រាប់ជើងទី១ ក្នុងលទ្ធផល៤ទល់១។ ការប្រកួតដំបូងក្នុងតង់ទី១ ខ្សែប្រយុទ្ធឆ្នើម Messi បានទទួលបាល់ប៉េណាល់ទី១គ្រាប់នៅនាទីទី២៧ ប៉ុន្តែនៅនាទីទី៣២ ខ្សែប្រយុទ្ធវ័យក្មេង Mbappé របស់ក្រុម PSG រកបាន១គ្រាប់តាមស្មើវិញ រហូតដល់ចប់ការប្រកួតក្នុងតង់ទី១ លទ្ធផល១ទល់១។

ចូលដល់តង់ទី២ ក្រុមភ្ញៀវ PSG នៅតែរក្សាទម្រង់លេងយ៉ាងល្អដោយខ្សែប្រយុទ្ធ Mbappé រកបាន១គ្រាប់ទៀតនៅនាទីទី៦៥ ហើយនៅនាទីទី៧០ កីឡាករ Kean រកបាន១គ្រាប់បន្ថែមទៀត និងនៅនាទីទី៨៥ ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធ Mbappé រកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុម PSG យកឈ្នះក្រុម Barcelona ក្នុងលទ្ធផល៤ទល់១។ ជាមួយគ្នានោះកីឡាករ Mbappé បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតដោយរកបាន៣គ្រាប់ម្នាក់ឯង។

លទ្ធផលនេះធ្វើឲ្យក្រុម PSG មានឱកាសកាន់តែច្រើនក្នុងការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយសារតែការយកឈ្នះគូប្រកួតក្នុងជើងទី១នេះ។ ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅក្នុងទឹកដី PSG នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដើម្បីរកឲ្យឃើញក្រុមដែលឈ្នះឡើងទៅកាន់វគ្គ៨ក្រុមបន្តទៀត ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print