អន្តរជាតិ៖ បើតាមការបញ្ជាក់ពីលោក Khin Maung Zaw មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យប្រាប់សារព័ត៌មានក្នុងស្រុកថា៖ កូនក្ដីរបស់លោក ត្រូវបានប៉ូលីសធ្វេីការចោទប្រកាន់ជាលើកទីពីរ ពាក់ព័ន្ធបទបំពានច្បាប់មហន្តរាយធម្មជាតិ។ ខណៈបទចោទលើកទីមួយ លោកស្រី ស៊ូជី ត្រូវបានចោទពីបទ នាំចូលវិទ្យុ និងឧបករណ៍ទាក់ទងខុសច្បាប់។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ប៉ូលីសមីយ៉ាន់ម៉ា បានចោទលោកស្រី អ៊ុងសាន ស៊ូជី លើករណីមួយទៀតទាក់ទងការបំពានច្បាប់គ្រោះមហន្តរាយធម្មជាតិ។ ការចោទប្រកាន់នេះ ធ្វើឡើងមួយថ្ងៃមុន បញ្ជាឃុំខ្លួនរបស់លោកស្រី ស៊ូជី លើការចោទប្រកាន់មុន ត្រូវអស់សុពលភាព។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា លោកមេធាវី លោកស្រី អ៊ុងសាន ស៊ូជី បានជួបជាមួយចៅក្រមរួចហើយ តាមប្រព័ន្ធវីដេអូ ដែលមិនមានមេធាវីចូលរួមឡើយ។ សវនាការរបស់លោកស្រីស៊ូជី បន្ទាប់នឹងធ្វើនៅថ្ងៃទី១ ខែមីនា ខាងមុខ។
ដោយឡែកស្របពេលនឹងការចោទប្រកាន់នេះ រដ្ឋាភិបាលយោធាឯណោះវិញ បានសន្យាជាថ្មីជុំវិញការរៀបចំបោះឆ្នោត និងប្រគល់អំណាចឱ្យបក្សឈ្នះ។ បើតាមលោកឧត្តមសេនីយ៍ត្រី Zaw Min Tun អ្នកនាំពាក្យរបបយោធា គោលបំណងរបស់យោធា គឺការបោះឆ្នោត។ ការលើកឡើងជាថ្មីរបស់ក្រុមយោធាបែបនេះ ទំនងធ្វើឡើងដើម្បីកាត់បន្ថយកំហឹងរបស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានតវ៉ានៅស្ទើតែទូទាំងប្រទេស។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ប្រជាជនមីយ៉ាន់ម៉ា ដោយរួមទាំងព្រះសង្ឃផងនោះ នៅតែបន្តចេញមកបាតុកម្មជំទាស់នឹងក្រុមយោធា នៅក្នុងទីក្រុងយ៉ាងហ្គោន និងតំបន់ផ្សេងទៀត ទោះរដ្ឋាភិបាលបានបញ្ជូនកម្លាំងទាហានបន្ថែមមកក្នុងក្រុងធំៗក៏ដោយ។ បាតុកម្មរបស់ប្រជាជន បានឈានចូលដល់ថ្ងៃទី១១ ហើយ។
គួរបញ្ជាក់ថា ក្រុមយោធា កន្លងមកបានសន្យារថា ខ្លួននឹងរៀបចំការបោះឆ្នោតដោយសេរីឡើងវិញ នៅពេលស្ថានភាពអាសន្ន ត្រូវបានបញ្ចប់។ របបយោធាដែលឡើងកាន់អំណាចនៅដើមខែកុម្ភៈ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្នមួយឆ្នាំ៕ដោយ៖ស តារា
រូបភាព៖ប្រជាជនមីយ៉ាន់ម៉ាធ្វេីការតវ៉ា