មន្ត្រីកូរ៉េខាងជើង៣រូប​ ត្រូវ​ក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់ ពាក់ព័ន្ធការ hack និងលួចលុយពីធនាគារជុំវិញពិភពលោក

ចែករំលែក៖

អន្តរជាតិ​៖ មន្ត្រីចារកម្មយោធាកូរ៉េខាងជើង ០៣រូប ត្រូវ​បានក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់ជាផ្លូវការលើ​ពីបទដឹកនាំយុទ្ធនាការវាយប្រហារផ្នែកព័ត៌មានវិទ្យា (Hack) លួចលុយអេឡិចត្រូនិកគ្រីបតូ (crypto) និងលុយពីធនាគារជាច្រើន នៅជុំវិញពិភពលោកប្រមាណជា ១.៣ពាន់លានដុល្លារអាមេរិក។

បើតាមសារព័ត៌មាន CNA បានចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១​នេះថា៖​ នេះគឺជាការចោទប្រកាន់ប្រឆាំងនឹង ក្រុមមន្ត្រីកូរ៉េខាងជើងជាលើកដំបូងបំផុត ដោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន​។

ជាក់ស្ដែង​ក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់ថា​ បុរសទាំង ០៣រូបខាងលើនេះ​ គឺជាមន្ត្រីចារកម្មយោធាកូរ៉េខាងជើង ត្រូវបានគេបញ្ជាក់អត្តសញ្ញាណទី១,មានឈ្មោះ ចុន ឆាងយ៉ុក (Jon Chang Hyok), ទី២ឈ្មោះ​ គីម អ៉ីល (Kim Il) និងទី​៣​ឈ្មោះ​ ផាក ជីនយ៉ុក (Park Jin Hyok)។ ហើយ​មន្ត្រីទាំងបីនាក់នេះបម្រើការឲ្យការិយាល័យស៊ើបការណ៍សម្ងាត់ទូទៅកូរ៉េខាងជើង ដែលជាក្រុមការងារព័ត៌មានវិទ្យា ត្រូវបានអ្នកជំនាញសន្តិសុខស្គាល់ថា ជាក្រុមវាយប្រហារឡាហ្សារឹស (Hacker Lazarus Group) ឬ APT 38។

គួរជម្រាបថា កូរ៉េខាងជើង មិនទាន់ប្រតិកម្មអ្វីទៅនឹងការចោទប្រកាន់ របស់ក្រសួងយុត្តិធម៌អាមេរិកឡើយ។ ទោះជាយ៉ាងណា ជារឿយៗទីក្រុងព្យុងយ៉ាងតែងតែច្រានចោល រាល់ការចោទប្រកាន់បែបនេះ៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​(Hack)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print