យោធភូមិភាគ៥បូកសរុបការងារសន្តិសុខឆ្នាំ ២០២០និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២១

ចែករំលែក៖

ខេត្តបាត់ដំបង÷ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ​ ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ​តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
អញ្ជើញចូលរួមមានតំណាងនាយកដ្ឋានផ្គត់ផ្គង់ក្រសួងការពារជាតិ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ ប្រចាំទិស មេបញ្ជាការរងកងទ័ពជើងគោក ប្រចាំទិស តំណាងអគ្គស្នងការនគរបាលជាតិប្រចាំទិស ស្នងការនគរបាលខេត្ត ទាំង៤ខេត្ត កងរាជអាវុធហត្ថខេត្តទាំង៤ ។
មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគទី៥។
មេបញ្ជាការកងពលតូចថ្មើរជើងទាំង៣ តំបន់ប្រតិបត្តិការសឹករងទាំង៤ កងព្រំដែនទាំង៤និងមេបញ្ជាការ ស្ថាប័នចំណុះយោធភូមិភាគទី៥ ការិយាល័យកងទ័ពជើងគោកប្រចាំទិស ដែលប្រារព្ធធ្វើនៅសាលប្រជុំធំយោធភូមិភាគទី៥។

មានប្រសាសន៍បូកសរុបលោក
ឯក សំអូន
បានលើកកោតសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចរយ:ពេល១ឆ្នាំកន្លងមកពិតជាបានទទួលលទ្ធផលល្អប្រសើរទទួលបាននូវផ្លែផ្កាគួរជាទីមោទន:។

ដោយឈរលើផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់យោធភូមិភាគទី៥ ធ្វើឱ្យគ្រប់អង្គភាពបានអនុវត្តជាប្រចាំនាំឱ្យយើងធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផលចិញ្ចឹមសត្វធានាជីវភាពកងទ័ពមានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ​ ជួយច្រូតស្រូវជូនប្រជាពលរដ្ឋ​ ទប់ស្កាត់ពលករ។ល។

ក្នុងដំណាក់កាលកូវីដ ១៩ នេះកម្លាំងកងទ័ពយោធភូមិភាគទី៥​ ក៏បានចូលរួមចំណែកយ៉ាងសកម្មទប់ស្កាត់ជំងឺកូវីដ ១៩ ចូលរួមទាំងកម្លាំងកាយ និងបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមឧបត្ថម្ភជួយដល់រាជរដ្ឋាភិបាល ហើយក្នុងរយ:ពេលជាង១ខែ មកទល់ពេលនេះបានបញ្ជូនកម្លាំងយាមល្បាតទប់ស្កាត់ពលករខ្មែរឆ្លងពីថៃ ដើម្បីចាប់បញ្ជូនទៅឱ្យមណ្ឌលធ្វើចត្តាឡីស័ក។

សរុបមកវិញរយ:ពេល១ឆ្នាំកន្លងមកនេះគ្រប់អង្គភាពចំណុះយោធភូមិភាគទី៥យើងបានរួមចំណែក អនុវត្តបានល្អតាមបទបញ្ជា តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ពិសេសមេបញ្ជាការកងទ័ពជើងគោក​ ដែលធ្វើឱ្យកងទ័ពកាន់តែមានកិត្យានុភាពនិងមានទំនុកចិត្តពីប្រជាពលរដ្ឋគឺ នៅពេលជួបលំបាកគេតែងឃើញវត្តមានកងទ័ពយើងបានចុះជួយជានិច្ច។

លទ្ធផលដែលយើងទទួលបានគឺពិតជាការរួមចំណែកពីនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់នៅក្នុងយោធភូមិភាគទី៥ ទាំងមូលដែលបានចូលរួមគិត ចូលរួមធ្វើ​ និងទទួលខុសត្រូវខ្ពស់។

ជាលទ្ធផលស្នាដៃលេចធ្លោយើងទទួលបានប័ណ្ណសរសើររបស់ក្រសួងការពារជាតិលើ៤ខ្លឹមសារមាន បញ្ជាការដ្ឋានយោធភូមិភាគ-កងពលតូចលេខ៥១ – តំបន់ប្រតិបត្កិការសឹករងបាត់ដំបង-បន្ទាយមានជ័យ-ប៉ៃលិន-កងការពារព្រំដែនលេខ៥០១-លេខ៥០២-លេខ៥០៣-សាលាពលទាហានទី៥-តំបន់អភិវឌ្ឍន៍យោធភូមិភាគនិងវរសេនាតូចស៊ើបការណ៍។

ចំណាត់ថ្នាក់លេខ១ ការងារប្រឡងប្រណាំងយោធភូមិភាគទី៥មាន កងពលតូចលេខ៥១-តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់-កងព្រំដែន៥០១-លេខាធិការដ្ឋាន-ការិយាល័យទី៣-ហ្វឹកហ្វឺន-បំភ័ន្តអក្ខរ:-ហិរញ្ញវត្ថុ-
វរសេនាតូចស៊ើបការណ៍-តំបន់អភិវឌ្ឍន៍យោធភូមិភាគ-គបញ្ជូនសារយោធភូមិភាគ។

ទិសដៅបន្តសម្រាប់ឆ្នាំ២០២១ ស្នើគ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ ត្រូវបន្តយកចិត្តទុកដាក់គោរពអនុវត្តឱ្យបានតាមបទបញ្ជា សារាចរ ការណែនាំ ផែនការ របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់លើគ្រប់ជាន់ថ្នាក់ ត្រូវមានការជឿជាក់ ស្មោះត្រង់​ ចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ខិតខំអនុវត្តបានល្អលើភារកិច្ចការពារជាតិ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
​​
ត្រូវពង្រឹងពង្រីកសមត្ថភាពហើយបន្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យលើ៤ខ្លឹមសាររបស់យោធភូមិភាគទី៥ ត្រូវចូលរួមយ៉ាងសកម្មបម្រើប្រជាពលរដ្ឋគ្រប់កាល:ទេស:និងយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាករបស់សមាជិកអតីតយុទ្ធជន។
ត្រូវបន្តចូលរួមទប់ស្កាត់ឱ្យបានការឆ្លងរីករាលដាលជំងឺកូវីដ១៩ អនុវត្តមុឺងម៉ាត់តាមវិធានការក្រសួងសុខាភិបាល។
សូមរួមសាមគ្គីភាពឯកភាពគ្នាបន្តនូវប្រពៃណីដ៏ល្អផូរផង់នេះជានិរន្តរ៍រៀងរហូត។
ក្នុងឱកាសនេះផងដែរក៏មានការបំពាក់ឋានន្តរស័ក្តិ ចំនួន ៥រូប ( ថ្នាក់វរសេនីយ៍ឯក ១ វរសេនីយ៍ទោ ៣​ វរសេនីយ៍ត្រី ១)ជូនប័ណ្ណសរសើរ លិខិតសរសើរនិងប្រគល់រង្វាន់ជូនដល់អង្គភាពមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅនេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print