ភ្នំពេញ,លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា,
កាលពីយប់មិញប្រពន្ធជនរងគ្រោះបានស្នើសុំមកខ្ញុំជួយប្តីគាត់ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ មន្រ្តីនគរបាល។
លោកបានបន្តថា,គ្រោះថ្នាក់ចរចារណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ម្សិលមិញ នៅមិនទាន់បានដោះស្រាយឬសំណងអ្វីឡើយដល់ជនរងគ្រោះ។ យប់មិញ ខ្ញុំបានទាក់ទងទៅមន្រ្តីនគរបាលនៅខេត្តបាត់ដំបង សុំអោយមានការទទួលខុសត្រូវដោះស្រាយជួយជនរងគ្រោះដែលពេលនេះកំពុងសន្លប់ធំ (១៤ថ្ងៃមកហើយ) នៅមិនទាន់ដឹងខ្លួននៅឡើយ។
ទើបកាលពីព្រឹកមិញនេះ មានការសម្របសម្រួលគ្នារវាងភាគីទាំង២ ហើយក៏បានឈានដល់ការយល់ព្រមបង់និង ទទួលសំណង។ ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ ដែលកំពុងធ្វើអោយជីវិតមនុស្សម្នាក់មិនដឹងថាស្លាប់ឬរស់នៅឡើយ។
មិនថាតែប្រជាពលរដ្ឋធម្មទេ ទោះបីយើងជាមន្រ្តីរាជការក៏ដោយ គឺត្រូវបើកបរមានការទទួលខុសត្រូវ បើបង្កគ្រោះថ្នាក់ហើយគឺត្រូវទទួលខុសត្រូវដោះស្រាយអោយភាគីទាំងសង្ខាងអាចទទួលយកបានដើម្បីបញ្ចប់បញ្ហា ព្រោះថាបើមិនដោះស្រាយពេលនេះទេ ក៏ត្រូវតែដោះនៅពេលណាមួយគឺចៀសមិនផុតទេ។
គ្រោះថ្នាក់ចរាចរណ៍អាចកើតមានគ្រប់វិនាទី ប្រសិនបើមិនមានការប្រុងប្រយ័ត្នទេនោះ។ ទោះបីយើងបើកបរលើផ្លូវត្រឹមត្រូវក៏ដោយ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមមួយកម្រិតទៀត ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ទីកន្លែង។
ទន្ទឹមនឹងថែរក្សាសុវត្ថិភាពក្នុងការបើកបរ យើងត្រូវថែរក្សាសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ, សិលា