រថយន្តសាំយ៉ុងដឹកឈើដុំធំៗ៤គ្រឿងត្រូវសមត្ថកិច្ចបង្ក្រាបហើយដោយឃាត់ខ្លួនអ្នកបើកបរ៣នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តសាំយុងចំនួន៤គ្រឿងដែលក្រុមឈ្មួញប្រើប្រាស់ឈ្មោះអ្នកធំជាខ្នងបង្អែកធ្វើជំនួញជួញឈើត្រូវសមត្ថកិច្ចចម្រុះខេត្តចុះស្ទាក់បង្ក្រាបបាននៅទីរួមស្រុកអូររាំង។

ការបង្ក្រាបនោះសមត្ថកិច្ចចម្រុះបានធ្វើឡើងនៅយប់ថ្ងៃទី១៩ឈានចូលទី២០ខែកុម្ភៈឆ្នាំ២០២១ត្រង់ចំណុចទីរួមស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងពេលចុះបង្ក្រាបនោះក៏បានឃាត់ខ្លួនអ្នកបើកបរបាន៣នាក់ផងដែរ។
តាមប្រភពបង្ហើបថា ក្រុមឈ្មួញដែលប្រើឈ្មោះអ្នកធំជាខ្នងបង្អែកធ្វើជំនួញនោះតែងធ្វើសកម្មភាពដឹកជញ្ជូនឈើជាញឹកញាប់ពីតំបន់ព្រៃសហគមន៍ធំៗក្នុងស្រុកអូររាំងចូលមកទីរួមខេត្តដើម្បីស្តុកទុក រួចហើយធ្វើការកែច្នៃពាក់កណ្តាលសម្រេចទើបបន្តយកទៅលក់នៅទីផ្សារឯរាជធានីភ្នំពេញ។
ប្រភពបន្តថា ការដឹកជញ្ជូនឈើដុំធំៗដោយខុសច្បាប់នោះគេថាយកមកធ្វើផ្ទះអ្នកធំម្នាក់ តែធាតុពិតគេមានម៉ាសុីនអារច្រៀកកែច្នៃនៅក្នុងក្រុងសែនមនោរម្យដោយលួចលាក់សម្រាប់ធ្វើសកម្មភាព។

ការធ្វើសកម្មភាពដឹកជញ្ជូននិងអារច្រៀកឈើនោះដោយពុំកោតញញើតអាជ្ញាធរឬសមត្ថកិច្ចឡើយទើបកម្លាំងចម្រុះខេត្តបង្ក្រាបបែបនេះ តែទោះជាយ៉ាងណាការបង្ក្រាបនោះទំនងមិនមានប្រសិទ្ធភាពនោះទេ ព្រោះរូបភាពបែបនេះក៏ធ្លាប់មានបង្ក្រាបជាញឹកញាប់ហើយដែរគឺតែងតែមានអន្តរាគមន៍ដោះលែងវិញដែរ។

ជាក់ស្តែងការបង្ក្រាបម្តងនេះក៏មិនទាន់មានចំណាត់នៅឡើយដែរ ហើយរថយន្តដឹកឈើទាំង៤គ្រឿងដែលបង្ក្រាបបាននោះរក្សាទុកនៅស្នាក់ការដែនអភិរក្សជីវៈចម្រុះសត្វព្រៃអណ្ដូងក្រឡឹងក្នុងស្រុកអូររាំងនៅឡើយ។
មជ្ឈដ្ឋានជំុវិញកំពុងរង់ចាំមើលម្តងនេះតើមានចំណាត់ការបែបណាបន្តទៀត៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print