ខេត្តរតនគិរី, យោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តរតនគិរីរាយការណ៍ជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ឲ្យដឹងថា, បឹងយក្ខឡោមស្ថិតនៅសង្កាត់យក្ខឡោមក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានអោយដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា ភាពល្អក់របស់
បឹងយក្ខឡោមអាចមកពីកត្តាបាតុភូតធម្មជាតិ។ លោកថាកាលពី១០ឆ្នាំមុនពោលគឺនៅឆ្នាំ២០១១ បឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ។ ហើយវាបានថ្លាទៅវិញរយៈពេល១០ទៅ១៥ថ្ងៃ។ ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះបន្តថា តាមសេចក្តីរាយការណ៍មកគឺ បឹងលំកុដ
និងបឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដាស្រុកលំផាត់ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ។ លោកមិនទាន់ហ៊ានវិនិច្ឆ័យតាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេតែតាមកត់សម្គាល់ របស់លោក អោយតែប្រទេសជិតខាង មានព្យុះ រឺបាតុភូតធម្មជាតិអ្វីមួយកើតឡើងគឺបឹងយក្ខឡោមក៏មានសភាពល្អក់ដែរ។ លោកបញ្ជាក់ថា សភាពល្អក់របស់បឹងយក្ខឡោម និងបឹង លំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរំខានដល់ការចុះមុជទឹកលេងរបស់ភ្ញៀវទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ចំណែក លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានអះអាងស្រដៀងគ្នានេះដែរ គឺជាបាតុភូតធម្មជាតិ គឺកើតឡើង១០ឆ្នាំម្តង ពេលនេះផ្ទៃមានសភាពថ្លាទៅវិញជាបណ្តើរៗហើយ។
ដោយឡែកយោងតាមមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្ត ក៏បានអោយដឹងផងដែរថាបឹងយក្សឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពបែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមក៏មានសរសៃឈាមជាប់នឹង បន្ទុះភ្នំភ្លើងមួយទៀតនៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាមជាប់នឹងបឹងយក្ខឡោមដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕
ដោយ, សិលា