ភ្នំពេញ, នារសៀលថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់មួយស្ដីពីការអនុវត្តប្រព័ន្ធបចេ្ចកវិទ្យា ” QR Code ទប់ស្កាត់ជំងឺកូវីដ១៩ ” ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាលខណ្ឌទាំង១៤ និងលោក លោកស្រី ប្រធាន អនុប្រធានផ្សាររដ្ឋទូទាំងរាជធានីភំ្នពេញ ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយនេះ ” QR Code ទប់ស្កាត់ជំងឺកូវីដ១៩ ” ត្រូវមានការចូលរួមទាំងអស់គ្នាដើម្បីការពារសុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលថ្ងៃដំបូងនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា “QR Code ទប់ស្កាត់ជំងឺកូវីដ-១៩” ក្នុងគោលដៅបន្តអនុវត្តវិធានការបង្ការនិងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១” និងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានផ្សព្វផ្សាយ ក្នុងរយៈពេលត្រឹម ២៤ម៉ោង មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន១៩៥៤ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។ ការចុះឈ្មោះប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះ បញ្ជាក់ពីការគាំទ្រនិងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋក្នុងការចូលរួមការពារសុខភាពសាធារណៈសម្រាប់ទាំងអស់គ្នា។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវ ដល់ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានា ចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នេះសម្រាប់ទីតាំងរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងសង្គមដោយសារការរាតត្បាតនៃជំងឺនេះ ដូចបណ្ដាប្រទេសផ្សេងទៀត។ សូមសាធារណជនទាំងអស់ចូលរួមសហការស្កេន QR Code នេះ នៅតាមទីតាំងដែលមានដាក់ QR Code “ទប់ស្កាត់កូវីដ Stop Covid” តាមរយៈគេហទំព័រ stopcovid.gov.kh ដោយចុចលើពាក្យ“ចាប់ផ្តើមស្កេន”។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលទាក់ទងបឋម (Call Center) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ លេខទូរសព្ទ 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 | 012 979 079 ឬគេហទំព័រ www.mptc.gov.kh និងទំព័រហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications”៕
ដោយ, សុខ ខេមរា