ពីម្សិលមិញ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាមេរិកបានឆេះម៉ាស៊ីនធ្លាក់បំណែកមកចំផ្ទះប្រជាពលរដ្ឋ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ។ ចំណែកនៅថ្ងៃនេះ យន្តហោះមួយគ្រឿងទៀត បានឆេះម៉ាស៊ីនធ្លាក់បំណែកបណ្តាលឲ្យមនុស្ស២នាក់រងរបួស។
សារព័ត៌មាន CNN បានផ្សាយថា នៅថ្ងៃទី ២២ខែកុម្ភៈ យន្តហោះដឹកទំនិញមួយគ្រឿងប្រភេទ Boeing 747 បានឆេះម៉ាស៊ីន ក្រោយពេលហោះហើរចេញពីទីក្រុង Maastricht ធ្វើឲ្យធ្លាក់បំណែកជាច្រើនមកលើស្រុក Meerssen ប្រទេសហុល្លង់។
តាមនាយកដ្ឋានសុវត្ថិភាពអាកាសចរណ៍ហុល្លង់(Veiligheidsregio) បានឲ្យដឹងថា យន្តហោះដែលឆេះម៉ាស៊ីន គឺជារបស់ក្រុមហ៊ុនផ្តល់សេវាជួលយន្តហោះ Longtail Aviation ។ យន្តហោះខាងលើ ជួបគ្រោះថ្នាក់ពេលចាប់ផ្តើម ហោះហើរទៅកាន់អាកាសយានដ្ឋាន JFK ក្នុងទីក្រុងញូវយ៉កអាមេរិក។
តាមព័ត៌មានពីអាកាសយានដ្ឋាន Maastricht Aachen បានឲ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ដឹកទំនិញធម្មតា និងឱសថទៅកាន់អាមេរិក។ ម៉ាស៊ីនយន្តហោះ Boeing 747-400 បានផ្ទុះឆេះហើយធ្លាក់បំណែកមកលើស្រុក Meerssen បណ្តាលឲ្យមនុស្ស ២នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្រៅពីនេះរថយន្តជាច្រើនគ្រឿងនិងផ្ទះពលរដ្ឋរងការខូចខាត។ បំណែកម៉ាស៊ីនយន្តហោះបានធ្លាក់មកចាក់ទម្លុះដំបូលរថយន្តទៀតផង។
ហេតុការណ៍ខាងលើកើតឡើង ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍United Airlines មានអ្នកដំណើរនិងក្រុមអាកាសយានិក ២៤១នាក់ ឆេះម៉ាស៊ីនផ្ទុះធ្លាក់បំណែកមកលើផ្ទះពលរដ្ឋផងដែរ កាលពីថ្ងៃទី២១ ខែកុម្ភៈ៕ដោយ សាធី
បំណែកដែកជាច្រើនពីយន្ដហោះដឹកទំនិញប៊ូអ៊ីង ៧៤៧ បានធ្លាក់ទៅលើតំបន់លំនៅដ្ឋាន។ រូបភាព៖baogiaothong