ភ្នំពេញ៖ នៅតាមច្រកចេញចូលសាលារាជធានីភ្នំពេញបានបំពាក់ប្រព័ន្ធ QR Code ដើម្បីទប់ស្កាត់កូវីដ Stop Covidហើយ ដោយចាប់ដំណើរការ តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។
ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ អាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងភ្ញៀវដែលចូលសាលារាជធានី បានប្រើប្រាស់ QR Code ទប់ស្កាត់កូវីដ Stop Covidគ្រប់គ្នា ជាមួយនិឹងការវាស់កម្តៅបាញ់ លាងដៃនិឹងអាល់កុលផងដែរ។
ពាក់ព័ន្ធនឹងការបំពាក់ប្រព័ន្ធQR Code ទប់ស្កាត់កូវីដ Stop Covidនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងមកនេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយជាមួយនិឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ណែនាំទៅគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនេះ ។ បច្ចេកវិទ្យាថ្មីនេះពិតជាមានសារៈសំខាន់ ព្រោះវាមានភាពងាយស្រួលក្នុងការតាមដាននិងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានលឿនជាងការប្រើប្រាស់មនុស្សដើម្បីស្វែងរក ហើយអាចយកមនុស្សដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័កក៏ដូចជាទៅព្យាបាលបានលឿននិងទាន់ពេលវេលា។
គួរបញ្ជាក់ថា លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាបន្ទាន់មួយជាមួយនិឹងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកនេះដោយលោកបានបញ្ជាក់ហើយថា៖ បច្ចេកវិទ្យាថ្មី QR Code ទប់ស្កាត់កូវីដ Stop Covid នេះពិតជាមានតម្លៃនិងផ្ដល់ភាពងាយស្រួលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ បច្ចេកវិទ្យាថ្មីនេះនឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូន ថាបុគ្គលនេះ ធម្មតា បុគ្គលនេះជាបុគ្គលមានហានិភ័យខ្ពស់និងបុគ្គលនេះជាបុគ្គលគួរឲ្យសង្ស័យ ដែលយើងអាចធ្វើចំណាត់ការបានលឿននិងមានប្រសិទ្ធភាព៕
សំរិត