អន្តរជាតិ៖ បេីយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៊ីតាលី បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ និងប៉ូលីសយោធាម្នាក់ដែលធ្វើដំណើរជាមួយគ្នា ត្រូវបានគេលួចបាញ់វាយប្រហារទៅលើក្បួនរថយន្ត នៃអង្គការសហប្រជាជាតិនៅភាគខាងកើតប្រទេស បណ្ដាលឲ្យស្លាប់ទាំង២នាក់។
ជាក់ស្ដែងទីភ្នាក់ងារសារព័ត៌មាន Arab News នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយរបស់ក្រសួងការបរទេសអ៊ីតាលី បានបញ្ជាក់ថា លោក Luca Attanasio ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ និងមន្ត្រីម្នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គោម៉ា(Goma) ខណៈដែលពួកគេកំពុងធ្វើដំណើរក្នុងក្បួនរថយន្តនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសកុងហ្គោ»។
ដោយឡែកបេីយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ក៏បានចុះផ្សាយដែរថា ការវាយប្រហារដោយខ្មាន់កាំភ្លេីងនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១០ព្រឹក(ម៉ោងនៅអ៊ីតាលី) នៅជិតទីប្រជុំជន Kanyamahoro។ ហើយការវាយប្រហារនេះទៀតសោត គឺជាផ្នែកមួយនៃការប៉ុនប៉ងចាប់ជំរិត។
គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះដែរភ្លាមៗ មិនទាន់មានព័ត៌មានលម្អិតណាច្បាស់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកឯកអគ្គរដ្ឋទូតនេះនៅឡើយទេ៕ដោយ៖ស តារា
រូបភាព៖ឯកសារ លោក Luca Attanasio ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ ការនៅរស់
រូបភាព៖លោក Luca Attanasio ពេលត្រូវគេបាញ់សម្លាប់