ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពខេត្តស្វាយរៀងបានថ្លែងប្រាប់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត និងពង្រឹងការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កុំឲ្យមានមនុស្សឆ្លងចេញចូល ក្នុងនោះចំពោះអ្នកលួចឆ្លងដែនចូលក្នុងប្រទេស ត្រូវនាំខ្លួនធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគ។
ការថ្លែងបែបនេះបានធ្វើឡើងនៅ
ព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរគួឱ្យកត់សម្គាល់ ក្នុងនោះសម្រេចបាននូវការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាដើម។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
ត្រូវបន្តផ្សព្វផ្សាយអនុវត្តវិធានការរបស់សម្តេចតេជោដើម្បីការការពារជំងឺកូវីដ១៩ (៣ការពារ,៣កុំ) រួមមាន ៣ការពារ -(១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតបុគ្គល(រក្សាគម្លាតចាប់ពី១,៥ម៉ ឡើងទៅ)។
៣កុំ- (១.កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងមាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម)។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងទប់ស្កាត់ ការតាមដានមុខសញ្ញា ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យបានល្អ។
បន្តបង្កើនការផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសជំរុញប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានម៉ឺងម៉ាត់ទៅលើរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់ចៃដន្យណាមួយ៕
ដោយ៖ យឹម សុថាន