អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅខ្លាំង នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហេីយរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី អាចនឹងត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបន្ថែមទៀត។
ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៉ី បានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងវាយប្រហាររដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃចន្ទទី២២ កុម្ភៈ ហើយនឹងបន្តរហូតដល់ពេលព្រឹក ថ្ងៃអង្គារស្អែកនេះ។ ដោយភ្លៀងធ្លាក់នឹងមានកម្រិតទាប នៅថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែវាអាចនឹងកើនឡើងដល់កម្រិតធ្ងន់នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ដែលអាចបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីជាបន្តបន្ទាប់នៅរដ្ឋធានីហ្សាការតា និងតំបន់ជាយៗរដ្ឋធានីមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
សូមជម្រាបថា គ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ីនេះ បានធ្វេីឲ្យតំបន់ជាច្រើននៅក្នុងរដ្ឋធានីហ្សាការតា និងទីក្រុងជិតខាង Tangerang ទីក្រុង Bekasi ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងរហូតដល់ ខ្ពស់ ២ម៉ែត្រកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
គួរបញ្ជាក់ថា កម្រិតទឹកភ្លៀងធ្លាក់លើសពី ១៥០មីល្លីម៉ែត្រក្នុងមួយថ្ងៃ ត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរបំផុត៕ដោយ៖ស តារា
រូបភាព៖ប្រជាពលរដ្ឋរងគ្រោះ និងអាជ្ញាធរចេញទូកចុះជួយ