ភ្នំពេញ, នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ គឺជាថ្ងៃទីពីរហើយដែល បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានបញ្ជូនកម្លាំងកងទ័ពទៅចាក់វ៉ាក់សាំងនៅកងពលតូចលេខ៧០។
លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការដ្ឋានការពារអាកាស មានប្រសាសន៍ផ្ដាំផ្ញើដល់យោធិនទាំងអស់ដែលត្រូវចាក់វ៉ាក់សាំង សូមឲ្យមានទំនុកចិត្តខ្ពស់ទៅលើរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលយើង ក្នុងការសម្រេចចិត្តទទួលយកវ៉ាក់សាំងដែលជាជំនួយឥតសំណងពីប្រទេសចិន ។
ជំនួសមុខជូន នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានការពារអាកាស ឧត្តមសេនីយ៍ទោ សុខ ប៉ាង សូមគោរពអរគុណ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វែងរកវ៉ាក់សាំង ដើម្បីបានចាក់ការពារដល់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមានសុវត្ថិភាពបំផុត៕