ខេត្តកណ្ដាល៖ បើយោងតាមប្រភព ពីរដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់អោយដឹងថា, ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៣៧ តោន ត្រីខ ២៥០យួរ មី ៤០០ កេស ទឹកស៊ីអ៊ីវ ៤៧០ យួរ និងភួយចំនួន ៤៧០ សម្រាប់ ដល់អភិបាលក្រុង-ស្រុក ទាំង១១ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ២០ កុម្ភៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
មានប្រសាសន៍ក្នុងឱកាសដល់នៅអង្ករ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា បើទោះជាគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ទាំងអស់នេះ វាមិនអាចជួយបានទាំងស្រុងដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រ១ ក្រ២ តែអាចជួយសម្រួល និងកាត់បន្ថយបានមួយរយៈពេល។ ហើយការជួយឧបត្ថម្ភទាំងនេះ មិនត្រឹមតែមានតែលើកនេះទេ និងនៅមានបន្តតាមដំណាក់កាលដំណាក់កាលផងដែរ។
លោកអភិបាលខេត្តក៏បានស្នើឱ្យ អភិបាលក្រុង-ស្រុកទាំង១១ ត្រូវតែបន្តស្វែងរកអ្នកដែលពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដើម្បីអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាល។ ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានដឹងខ្លួនថា បានប៉ះពាល់ដល់ផ្ទាល់ ឬប្រយោល សូមចូលខ្លួនមកធ្វើចិត្តអោយលេចសាច់អោយបានត្រឹមត្រូវ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ សាច់ញាតិ ពិសេសខ្លួនឯងផ្ទាល់។ ហើយក្នុងរយៈពេលធ្វើចត្តាឡីស័កនេះដែរ អាជ្ញាធរខេត្ត គឺទទួលរ៉ាប់រងទាំងអស់ ទាំងកន្លែងស្នាក់នៅ អាហារ ៣ ពេល នឹងឧបត្ថម្ភថវិកា ២ ម៉ឺនរៀលក្នុងមួយថ្ងៃផងដែរ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នេះ ទូទាំងខេត្តកណ្ដាល មានអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ហើយដែលកំពុងធ្វើចត្តាឡីស័កនៅតាមក្រុង-ស្រុកទាំងអស់ មានចំនួន៧០៩នាក់ ស្រីចំនួន៤៧១នាក់ ហើយតួលេខនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។
បន្ទាប់ពីប្រគល់ជូននូវ អង្ករ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនរួចមក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យមណ្ឌលចត្តាលីស័ក នៅមន្ទីរពេទ្យជ័យជំនះ ដើម្បីត្រៀមដាក់ប្រជាពលរដ្ឋដែលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈផងដែរ៕
ដោយ, សិលា