ភ្នំពេញ៖ វីដេអូអប់រំខ្លី នៃភាពយន្តជីវិតបែបអប់រំខ្លីមួយត្រូវបានផលិតកម្ម Chentra Sara Entertainment បាន បញ្ចេញកាលពីពេលថ្មីៗនេះគឺរឿង”អូនសុំលែងលះ” ។ កាន់តែភ្ញាក់ផ្អើលគឺក្រោយពីគេបានឃើញវត្តមានតារាសម្តែងល្បីឈ្មោះ លោក សារ៉ា ចិត្រា ដែលជាតួប្រុសល្បីឈ្មោះក្នុងភាពយន្តរឿង” រស់ជាតិជីវិត”បានលេចមុខជាថ្មីក្នុងការសម្តែងភាព យន្ត ក្រោយពីតារារូបនេះបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។ គេនៅចាំបានថាក្នុងអំឡុងឆ្នាំ២០០៤ ភាពយន្តអប់រំរឿង”រសជាតិជិវិត”ដែលបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ មានភាពល្បីល្បាញខ្លាំងពីគ្រប់ស្រទាប់មហាជន។ គេនៅចាំបានដែរថាតួអង្គសំខាន់ឈ្មោះពិសិដ្ឋ មដែលគ្រានោះលោកបានធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកអាណិតជាខ្លាំង។ ក្រោយបញ្ចប់ការថតភាពយន្តខាងលើលោកក៏ទទួលបានឱកាសការងារជាច្រើនបន្តបន្ទាប់ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានបាត់មុខលើវិស័យផ្នែកសម្តែង ដែលទើបតែថ្មីៗនេះលោកបានធ្វើឲ្យគេភ្ញាក់ផ្អើលដែលមិនត្រឹមតែបង្ហាញវត្តមានជាថ្មីទេ សូម្បីតែអត្តចរិកបុគ្គលិកលក្ខណៈរបស់លោកក៏មិនមានការប្រែប្រួលផងដែរពោលគឺគឺលោកនៅតែរក្សាការសម្តែងជាតួអង្គបែបកោងកាចដដែល។ ភាពយន្តខ្លីបែបអប់រំបង្កប់ដោយអត្ថន័យស៊ីជម្រៅជុំវិញសុភមង្គលក្នុងគ្រួសារនេះ បានឆ្លុះបញ្ចាំងពីតថភាពសង្គម ពិសេសលើចំណងស្នេហាប្តីប្រពន្ធត្រូវបែកគ្នាតែភាពមនស្មោះត្រង់ ការប្រើប្រាស់ហិង្សាលើផ្លូវកាយ និងផ្លូវចិត្ត និងប្តីមានស្រីញីខាងក្រៅទុកថាជារឿងធម្មតានោះ។ ភាពយន្តនេះបានចាក់ចំបេះដូងទស្សនិកជន និងបានបណ្តុះនូវស្មារីអប់រំលើជីវិតស្នេហាប្តីប្រពន្ធ ដែលសង្គបច្ចុប្បន្នកំពុងតែប្រឈម។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់តារាសម្តែង រូបនេះបានបញ្ជាក់ថា លោកមិនបានចាកចេញឆ្ងាយពីការងារសិល្បៈឡើយពោលគឺលោកបានបំពេញការងារជាតារាសម្តែងផង ដឹកនាំសម្តែង និងនិពន្ធផងដែរ ហើយភាពយន្តខាងលើក៏មិនមែនជាលើកដំបូងដែរដែលលោកបានសម្តែង និងបង្ហាញសមត្ថភាពក្នុងការដឹកនាំផលិត។
លេចចេញសាសាទរជាច្រើនជុំវិញការបង្ហាញស្នាដៃ និងវត្តមានជាថ្មីក្នុងវិស័យសិល្បៈ បើទើបីជាស្នាដៃថ្មីមួយចំនួនមិនទាន់ផ្ទុះការគាំទ្រខ្លាំង ប៉ុន្តែវាបានធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្តនឹងស្នាដៃដែលប្រកបដោយគុណភាព និងបង្កប់ដោយខ្លឹមសារអប់រំសង្គមស៊ីជម្រៅនោះ៕
ដោយ៖វឌ្ឍនា