ភ្នំពេញ៖ ពិតជាគួរឲ្យសោកស្តាយក្រោយពីតារាសម្តែងលោក វីជេ អាឡាស្កូ បានបញ្ចេញសារដ៏ក្រៀមក្រំគួរឲ្យអាណិតអំពីមរណភាពរបស់ម្តាយជាទីគោរពស្រលាញ់ ដែលបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១នេះក្នុងវ័យ៦៨ ឆ្នាំដោយរោគាពាធ។ ដំណឹងនេះបានបង្កើតឲ្យអ្នកជិតដិតតារាសម្តែង និងពិធីកររូបនេះមានការភ្ញាក់ផ្អើល និងសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។
ពិតជាសារដែលធ្វើឲ្យគេក្តុកត្តួល សោកសង្រេងរួមគ្នាជាមួយតារារូបនេះមានដូចជា”យើងបែកគ្នារហូតហើយ ណាម៉ែនា លែងមានអ្នកជេរ លែងមានអ្នកធ្វើម្ហូបឆ្ងាញ់ៗឲ្យ លែងមានអ្វីគ្រង់យ៉ាងរវាងកូនៗជាមួយអ្នកម្តាយ កូនអាល័យម៉ែណាស់”។ លោកបន្តថា ជាង៣០ឆ្នាំអនុស្សាវរីយ៍ត្រូវបានបញ្ចប់នៅថ្ងៃនេះអ្នកម្តាយខ្ញុំញញឹមស្រស់ណាស់ម្តាយខ្ញុំរឹងមាំចិញ្ចឹមកូន៤នាក់ដោយគ្មានលក្ខខណ្ឌលះបង់ច្រើនពេកហើយម៉ែ ម្តេចមិននៅចាំកូនៗតបស្នងបន្តទៀត។ សារអមដោយរូបថតនៃទិដ្ឋភាពនៃពិធីបុណ្យសព អមដោយរូបថតអនុស្សាវរីយ៍ជាច្រើនរវាងតារារូបនេះនិងម្តាយកាន់តែធ្វើឲ្យអ្នកគាំទ្រ និងមិត្តរួមអាជីពកាន់តែរំជួលចិត្តអាណិតលោក។ ក៏មានសិល្បករផលិតករ និងអ្នកគាំទ្រជាច្រើនបានបញ្ចេញសារលើកទឹកចិត្តទៅកាន់តារារូបនេះផងដែរ។
តាមការបញ្ជាក់របស់តារាសម្តែងរូបនេះបានលើកឡើងថា សពរបស់ម្តាយលោកឈ្មោះ ធុច សុខុម និងដង្ហែរចេញពីផ្ទះខាងជើងផ្សារលើ ទៅកាន់ឈាបនឋានវត្តធម្មរតនៈសាគរហៅវត្តកំពង់អុសលើនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១នេះ ដែលពិធីបូជាសពនឹងត្រូវធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃដដែល។ ប្រភពបញ្ជាក់ដែរថា កម្មវិធីបុណ្យសពនឹងបញ្ចប់នៅវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ ហើយលោកដែលជាតំណាងឲ្យគ្រួសារសពសូមអញ្ជើញញាតិមិត្តជិតឆ្ងាយចូលរួមជាភ្ញៀវក្នុងកម្មវិធីបុណ្យខាងលើ៕
ដោយ វឌ្ឍនា