ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចដែលមានទឹកប្រាក់២០០$ រួចនាំគ្នាជិះគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ មុំ ធីតា អាយុ៣៩ឆ្នាំ មុខរបបកម្មការនីរោងចក្រ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ តាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ភ្នាក់ងារកាសែតនគរដ្រេហ្គនឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ចេញពីធ្វើការរោងចក្រនៅម្ដុំផ្លូវសេះសរ សង្កាត់ស្ទឹងមានជ័យ៣ដើម្បីមកមន្ទីរពេទ្យរុស្ស៊ីមើលបងប្អូនកំពុងសម្រាកព្យាបាលជម្ងឺ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានឌុបគ្នាមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់បានសម្រេច រួចជិះម៉ូតូឌុបគ្នាគេចខ្លួនដោយសុវត្តិភាព ។
ក្រោយកេីតហេតុភ្លាមៗ ស្ត្រីរងគ្រោះខាងលើបានបន្តដំណើរមកខាងក្រោមស្ពានស្ទឹងមានជ័យ ដើម្បីរកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហេីយពេលនោះក៏មានបងប្អូនអ្នកសារព័ត៌មានជួយប្រាប់ទីតាំងប៉ុស្ដិ៍មូលដ្ឋាន និងនាំទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ២ ដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ