ខេត្តបាត់ដំបង ៖ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានឃាត់ខ្លួននិងកសាងសំណុំរឿងជនសង្ស័យម្នាក់ឈ្មោះ ជុន ជួន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ពីបទចាប់រំលោភសេពសន្ថវ:លើក្មេងស្រីជាអនិតិជនឈ្មោះ ស វល អាយុ១៣ឆ្នាំ បានសម្រេចកាលពីជាង២០ថ្ងៃមកហើយ។
ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២១តាមបណ្តឹងរបស់ឈ្មោះ រឿម ញ៉ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅឃុំអូរដំបង១ ស្រុកសង្កែ ជាជីដូនក្មេងស្រីរងគ្រោះដោយចោទថា ជនសង្ស័យរូបនេះបានចាប់រំលោភចៅស្រីរបស់គាត់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅក្នុងចំការក្រូចក្បែរផ្ទះរបសគាត់។
សមត្ថកិច្ចនគរបាលស្រុកសង្កែបានឲ្យដឹងថាក្រោយពេលទទួលកំណត់ហេតុបណ្តឹងរួច កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះស៊ើបអង្កេតស្រាវជ្រាវរកជនសង្ស័យនិងឃាត់ខ្លួនឈ្មោះ ជុន ជួន យកទៅសាកសួរហើយត្រូវបានរូបគេសារភាពថាពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់នេះប្រាកដមែន។
ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីរួចហើយ៕
ដោយ÷ ប្រាថ្នា