តុលាការអាមេរិក​ បញ្ជាឲ្យកូរ៉េខាងជើង​ផ្តល់សំណងដល់ក្រុមនាវិក​ ២,៣ពាន់លានដុល្លារលេីការចាប់ទុកនាវានៅឆ្នាំ១៩៦៨

ចែករំលែក៖

អន្តរជាតិ​៖​ សំណុំរឿងនាវាស៊ើបការណ៍ USS Pueblo ត្រូវយោធាជើងទឹកកូរ៉េខាងជើងចាប់ឃាត់នៅខែមករា ឆ្នាំ១៩៦៨ នៅពេលនាវានេះកំពុងបំពេញបេសកកម្មក្រោមឈ្មោះជានាវាអង្កេតបរិស្ថាន។ ស្រាប់​តែ​នាពេលថ្មីៗនេះ​ តុលាការអាមេរិក​ បានបញ្ជាឲ្យកូរ៉េខាងជើងផ្តល់សំណងដល់ក្រុមនាវិក និងក្រុមគ្រួសារនាវិកទាំងនោះ។ ខណៈដែល​នាវិកទាំងអស់នៅលើនាវា ត្រូវបានកូរ៉េខាងជើង ធ្វើទារុណកម្ម១១ខែមុនត្រូវបានដោះលែងវិញ។ ប៉ុន្តែ​យ៉ាងណាមិញ ចំពោះ​សំណងទាំងនេះត្រូវបានគេមិនដឹងថា ទឹកប្រាក់នេះ ត្រូវទារតាមណា ឬផ្ដល់តាមណាឡើយ។

បេីតាមការអះអាងពីកូរ៉េខាងជើង បានបញ្ជាក់ថា នាវានេះចូលដែនទឹករបស់ខ្លួន តែអាមេរិកបដិសេធ។ ចំណែក​នាវិក៨៣នាក់ ត្រូវបានឃាត់ទុក ហើយអាមេរិកអះអាងថា ពួកគេរងទារុណកម្ម មុនត្រូវដោះលែងនៅខែធ្នូ ឆ្នាំដដែល។

សូមជម្រាបថា​ នៅថ្ងៃទី២៥ ខែកុម្ភៈ តុលាការសហព័ន្ធនៃរដ្ឋធានីវ៉ាស៊ីនតោន ក៏បានបញ្ជាឱ្យកូរ៉េខាងជើងផ្តល់សំណងដល់នាវិករងគ្រោះដែលរស់រានមានជីវិត និងគ្រួសារនាវិកដែលបានស្លាប់។ បើតាមការសម្រេចរបស់តុលាការ ជនរងគ្រោះត្រូវទទួលបានប្រាក់សំណងសំណងចំនួន១,១៥ ពាន់លានដុល្លារអាមេរិក តែចំនួននេះត្រូវគុណនឹងពីរដើម្បីជាការដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាង។ ដូចនេះ កូរ៉េខាងជើងត្រូវបង់សំណងឡើងដល់២,៣ពាន់លានដុល្លារឯណោះ។

ដោយឡែក​សំណុំរឿងនេះ ទើបឡើងដល់តុលាការនៅឆ្នាំ២០១៨ ប៉ុណ្ណោះ ក្រោយក្រសួងយុត្តិធម៌អាមេរិកចេញការបកស្រាយពាក់ព័ន្ធអភ័យឯកសិទ្ធិរដ្ឋាភិបាលបរទេសក្នុងតុលាការអាមេរិក។ ដោយកូរ៉េខាងជើងត្រូវបញ្ចូលក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្មនៅឆ្នាំ២០១៧ តុលាការអាមេរិកក៏អាចកាត់ក្ដីលើសំណុំរឿងទារសំណងនេះបាន។

គួរបញ្ជាក់ថា​ តុលាការ​ បញ្ជាផ្តល់សំណងពី២២លានដុល្លារទៅ ៤៨លានដុល្លារអាមេរិក ដល់សមាជិកនាវិកទាំង ៤៩នាក់ដែលនៅរស់រានមានជីវិត ចំណែកសមាជិកគ្រួសារនាវិកដែលស្លាប់ប្រហែល១០០នាក់ ទទួលបានតិចជាងនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP​ បានចុះផ្សាយ។ យ៉ាងណាមិញ កូរ៉េខាងជើង មិនបានចូលរួមក្នុងសំណុំរឿងនេះឡើយ ហើយគេក៏មិនច្បាស់ថា ជនរងគ្រោះអាចរំពឹងថានឹងទទួលបានសំណងខូចខាតយ៉ាងដូចម្តេចដែរ៕ដោយ​៖ស​ តារា​

នាវា USS Pueblo ដែលកូរ៉េខាងជើងចាប់ទុកនៅឆ្នាំ១៩៦៨

...

រូបថត៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print