​យោធា​អាមេរិក​ បេីកប្រតិបត្តិការ​ផ្លូវអាកាស​បាញ់​កម្ទេច​មូលដ្ឋាន​កង​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ នៅក្នុង​ទឹកដី​ស៊ី​រី

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការបញ្ជាក់ពី​មន្ទីរ​បញ្ច​កោណអាមេរិក បានឲ្យដឹងថា​ ​យោធា​អាមេរិក​ផ្លូវអាកាស​បើក​ប្រតិបត្តិការ​បាញ់​កម្ទេច​មូលដ្ឋាន​កង​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​។ ក្នុង​ប្រតិបត្តិការ​ផ្លូវអាកាស​នេះ​ នៅ​ជិត​ព្រំដែន​អ៊ីរ៉ាក់ និង​ស៊ី​រី ជាការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​រ៉ុក្កែត​របស់​កងជីវពល​នៅ​ទឹកដី​អ៊ីរ៉ាក់​ដែល​បណ្តាលឱ្យ​ជន​ស៊ីវិល​អាមេរិក​ម្នាក់​បាត់​បងជីវិត ហើយ​ធ្វើឱ្យ​ទាហាន​អាមេរិក និង​សម្ពន្ធមិត្ត​មួយចំនួនទៀត​រងរបួស​។​

​យុទ្ធនាការ​ថ្ងៃទី​២៥ ខែកុម្ភៈ​នៅ​ទឹកដី​ស៊ី​រីនេះ​ ជា​លើកដំបូង​ក្នុង​អាណត្តិ​លោក ចូ បៃ​ឌិន ដែល​យោធា​អាមេរិក​បាន​បើក​ការវាយប្រហារ​លើ​គោលដៅ​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ ចំណែក​ក្រសួងការពារជាតិ​អាមេរិក​ បាន​បញ្ជាក់ថា​ ពុំមែន​ជាការ​ពង្រីក​ប្រតិបត្តិការ​យោធា​ឡើយ ប៉ុន្តែ​ជាការ​បង្ហាញ​ឆន្ទៈ​របស់​អាមេរិក​ក្នុងការ​ការពារ​កងទ័ព​របស់ខ្លួន​ដែល​កំពុងមាន​វត្តមាន​នៅ​អ៊ីរ៉ាក់​។​

បើតាមរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកលោក Lloyd Austin​ ប្រាប់​អ្នកកាសែត​ពីលើ​យន្តហោះ​ក្រោយពេល​ការវាយប្រហារយ៉ាងដូច្នេះថា៖«​ខ្ញុំ​មាន​ទំនុកចិត្ត​ចំពោះ​គោលដៅ ដែល​យើង​តាម​ប្រមាញ់​។ យើង​ដឹងថា​យើង​កម្ទេច​អ្វី​»​។ លោក Lloyd Austin បន្តថា គោលដៅ​ដែល​អាមេរិក​វាយប្រហារ ជាទី​តាំងរបស់​កងជីវពល​ស៊ី​អ៊ី​ត​ដែល​ប្រើប្រាស់​ក្នុងការ​បាញ់​រ៉ុក្កែត​សំដៅ​កងទ័ព​អាមេរិក និង​សម្ពន្ធមិត្ត​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ នៅ​ក្រុង Irbil តំបន់​ពាក់កណ្តាល​ស្វ័យភាព​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ឃើ​ដ​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចុះផ្សាយថា អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​​លោក John Kirby ក៏បាននិយាយថា ប្រតិបត្តិការ​នេះ​បញ្ជូន​សារ​យ៉ាង​ជាក់លាក់​ថា ប្រធានាធិបតី បៃ​ឌិន នឹង​ចេញ​សកម្មភាព​ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិក និង​កងកម្លាំង​សម្ព័ន្ធមិត្ត​។ លោក​បន្ថែមថា ការ​វាយតប​របស់​អាមេរិក​គឺ​សមស្រប​ដោយ​មិន​ធ្វើឱ្យ​ស្ថានការណ៍​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​តឹងតែង​ជាមុន និង​បាន​ពិចារណា​ជាមួយ​សម្ពន្ធមិត្ត​រួចរាល់​អស់ហើយ​។

​លោក Kirby បានបន្តទៀតថា ការវាយប្រហារ​ផ្លូវអាកាស​របស់​អាមេរិក បាន​បំផ្លាញ​ទីតាំង​របស់​ក្រុម​ជីវពល​ស៊ី​អ៊ី​ត​នៅតាម​ព្រំដែន​អ៊ីរ៉ាក់ និង​ស៊ី​រី​ដូចជា​ក្រុម​ជីវពល Kataib Hezbollah និង Kataib Sayyid al-Shuhada ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម Hashed al-Shaabi ។ អាមេរិក​ចោទ​ក្រុម Kataib Hezbollah ចំពោះ​ការវាយប្រហារ​លើ​ទាហាន និង​ផលប្រយោជន៍​អាមេរិក​ក្នុង​តំបន់​។ អាមេរិក​ពុំបាន​ប្រាប់​ពី​ចំនួន​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នេះឡើយ​។

​ដោយឡែកជុំវិញករណីខាងលើនេះដែរ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ី​រី (SOHR)​ បាននិយាយថា​ មនុស្ស​១៧​នាក់​ស្លាប់ ដោយសារតែ​ការវាយប្រហារ​សំដៅ​ទៅលើ​រថយន្ត​ផ្ទុក​អាវុធ​ចំនួន​៣​។ SOHR អះអាងថា មនុស្ស​ដែល​ស្លាប់​ទាំងអស់នោះ​គឺ​សមាជិក​កងកម្លាំង Hashed al-Shaabi ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ផងដែរ​។​

​គួរបញ្ជាក់ថា ការវាយប្រហារ​សងសឹក​របស់​អាមេរិក​ចំពោះ​ក្រុម​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ នៅ​ស៊ី​រី កើត​ចំពេល​ដែល​អាមេរិក និង​អ៊ីរ៉ង់​និយាយ​គ្នា​មិនត្រូវ និង​ប្រចាំ​គ្នា​ក្នុង​ការគោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។ អាមេរិក ក៏​មិន​ពេញចិត្ត​ឡើយ​ពី​វត្តមាន និង​ការពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់ ដែល​ពេលនេះ​ខ្លួន​មាន​វត្តមាន​កងទ័ព​ត្រឹមតែ​២,៥០០​នាក់​ប៉ុណ្ណោះ​នៅ​ប្រចាំការ​៕ដោយ៖ស តារា

រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin

...

រូបភាព​៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print