បេក្ខជន​តំណាង​ពាណិជ្ជកម្ម​អាមេរិក សន្យា​ទាមទារ​ឲ្យ​ចិន​គោរព​តាម​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់​ពី​មានអត្ថបទសារព័ត៍មានអន្តរជាតិ​ បានចុះផ្សាយថា ​ចិន​ បង្ហាញឆន្ទៈចង់ស្រោចស្រង់ចំណងពាណិជ្ជកម្មជាមួយអាមេរិកវិញ ប៉ុន្តែ​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​ បានបញ្ជាក់ថា​ នៅតែ​រក្សា​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​ចិន​ដដែល​។

ជាក់ស្ដែងនៅថ្ងៃទី​២៥ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បេក្ខជន​ដឹកនាំ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក ​លោកស្រី Katherine Tai សន្យា​ទាមទារ​ឲ្យ​​ចិន​គោរព​តាម​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​ដែល​ចុះហត្ថលេខា​កាលពីដើមឆ្នាំ​២០២០​។ ការសន្យា​របស់លោក​ស្រី​Tai ធ្វើឡើង​ក្នុងការ​ឆ្លើយ​សំណួរ​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក។​

​លោកស្រី Katherine Tai បានអះអាងនៅ​ចំណោះ​មុខ​គណៈកម្មាធិការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​នៃ​ព្រឹទ្ធសភាថា៖ នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បីឱ្យ​ចិន​គោរព​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ព​ទីមួយ​។ លោកស្រី​បង្ហាញ​ជំហរ​ក្នុង​ការបន្ត​គោលនយោបាយ​ពាណិជ្ជកម្ម​អាមេរិក​ទៅកាន់​ចិន​របស់លោក​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ប៉ុន្តែ​នឹង​អនុវត្ត​គោលនយោបាយ​នេះ​ឱ្យ​ស្របតាម​នីតិវិធី និង​មានការ​ពិភាក្សា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ នេះ​បើតាម​សារព័ត៌មាន Bloomberg បានចុះផ្សាយ។​

​សូមជម្រាបថា​ ក្រោយ​ដាក់​ពន្ធ​លើ​ទំនិញ​របស់​គ្នា​ទៅវិញទៅមក អាមេរិក និង​ចិន​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​មួយ​ដែល​ចិន​សន្យា​ទិញ​ទំនិញ និង​សេវាកម្ម​ពី​អាមេរិក​ក្នុង​ទំហំ​២០០​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២០ និង​២០២១​។ ចិន ក៏​បន្ថយពន្ធ​នាំចូល​លើ​ទំនិញ​អាមេរិក​ដែល​គិត​ជា​ទឹកប្រាក់​៧៥​ពាន់​លាន​ដុល្លារ ឯ​អាមេរិក ក៏​កាត់​បន្ថយពន្ធ​នាំចូល​ពី​ចិន​ក្នុងតម្លៃ​១២០​ពាន់​លាន​ដុល្លារ​ផងដែរ​។​

បន្ថែម​ពីនេះ ចិន​ទិញ​បានត្រឹមតែ​៦៤​ភាគរយ​នៃ​ផលិតផល​កសិកម្ម ៦០​ភាគរយ​នៃ​ផលិតផល​ទូទៅ និង​៣៩​ភាគរយ​នៃ​ផលិតផល​ថាមពល​។ នេះ​បើតាម​វិទ្យាស្ថាន Peterson ដែល​ព្យាករណ៍​ថា ចិន​ត្រូវ​ទិញ​យ៉ាងហោចណាស់​១៧៣​ពាន់​លាន​ដុល្លារ​ទៀត ទើប​អាច​សម្រេចបាន​តាម​ការ​សន្យា​។​​ ប៉ុន្តែ​គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ​២០២១ ចិន​ទិញ​បានត្រឹមតែ​៥៨​ភាគរយ នៃ​ទំនិញ​និង សេវា​ដែលមាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។

​ដោយឡែកនៅ​ក្នុង​ឆ្នាំ​២០២០ ចិន​ បានទិញ​ទំនិញ​ពី​អាមេរិក​ចំនួន​១៣៥​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ទឹកប្រាក់​ចំនួន​៣៥​ពាន់​លាន​ដុល្លារ​ពុំ​រាប់បញ្ចូល​ឡើយ​ព្រោះ​មិនមែនជា​ទំនិញ​ដែល​កំណត់​ក្នុង​កិច្ចព្រមព្រៀង​។ ក្រោម​កិច្ចព្រមព្រៀង​នោះ ចិន​ក៏​សន្យា​នឹង​អាមេរិក​ថា នឹង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការ​លួច​កម្មសិទ្ធិបញ្ញា​ពី​ក្រុមហ៊ុន​អាមេរិក ក៏ដូចជា​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា​ឱ្យបាន​តឹងតែង​ជាមុន ហើយ​បើកចំហ​ទីផ្សារ​ក្នុងស្រុក​បន្ថែមទៀត ដើម្បីឱ្យ​ក្រុមហ៊ុន​អាមេរិក​អាច​ចូលមក​វិនិយោគ​បន្ថែម​។​

​ក្រៅតែពី​បញ្ហា​នេះ លោកស្រី Tai ក៏​លើកឡើង​ផងដែរ​ពី​បន្ត​ដាក់​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​។ លោកស្រី​សន្យាថា នឹង​ស្វែងរក​មូលហេតុ​ផ្សេងទៀត​ក្រៅតែពី​បញ្ហា​សន្តិសុខ​ជាតិ ដើម្បី​ការពារ​ផលិតកម្ម​ដែកថែប និង​អាលុយមីញ៉ូម​អាមេរិក​។ លោកស្រី​ថា ការបន្ថែម​ពន្ធ​លើ​ទំនិញ​នាំ​ាំ​ចូល​ជា​ឧបករណ៍​ស្របច្បាប់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។​

​ជុំវិញបញ្ហានេះដែរ​ បើតាមលោកស្រី Janet Yellen រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​រតនាគារជាតិ​អាមេរិក នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ថ្មីៗ​នេះ​បាន​និយាយថា រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ឌិន អនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​ដាក់​ពន្ធ​លើ​ទំនិញ​ចិន ដែល​ដាក់ចេញ​ដោយ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មួយរយៈ​សិន​។ ចំណែក​ចិន​វិញ​ តាមរយៈលោក Wang Wentao​ ​រដ្ឋ​មន្តី​ក្រសួងពាណិជ្ជកម្ម​ចិន អះអាងថា ខ្លួន​រំពឹង​ធ្វើការ​ជាមួយ​អាមេរិក​ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​វិញ​៕ដោយ​៖ស​ តារា​

...

រូបថត៖​ បេក្ខជន​ដឹកនាំ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក ​លោកស្រី Katherine Tai

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print