រថយន្តស្តារិចបើកលឿនជ្រុលទៅបុករថយន្តស៊ីនទ្រីនៅផ្លូវបំបែកជាបួនបណ្តាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស្តារិចយ៉ាងលឿនដល់ភ្លើងស្តុបផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្តស៊ិនទ្រីពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្ត និងអ្នកធ្វើដំណើរតាមដងផ្លូវឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ណតប្រ៊ីដ កែងនឹងផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊ិនទ្រីក្បាលពណ៌ត្រួយចេក មិនមានស្លាកលេខ
បើកតាមបណ្តោយផ្លូវណតប្រ៊ីដ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកstarexពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-5361 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តស៊ិនទ្រីពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ជ្រោយពេជ្រ