ភ្នំពេញ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបានទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់រួចទាក់ទងរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ហេតុការណ៍លោតទឹកសម្លាប់ខ្លួននេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ១និង២០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ពាន ជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលគិតខ្លីបានប្រាប់ថា ឈ្មោះ យង់ សុខគង់ អាយុ ៤១ឆ្នាំ ស្នាក់នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវបាននគរបាលទាក់ទងហៅរថយន្តសាមុយដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានធ្វើដំណើរឡើងទៅលើស្ពានក្នុងទិសដៅពីលិចទៅកើត ហើយឈប់ទៅកណ្តាលស្ពានឈរមួយសន្ទុះ ក៏បានដោះស្បែកជើង និងតោងបង្កាន់ដៃឡើងទៅឈរនៅខាងក្រៅបង្កាន់ដៃស្ពាន។
ភ្លាមនោះ អ្នកដំណើរក៏បានឃើញ ហើយ ទៅរាយការណ៍ប្រាប់នគរបាលខណ្ឌជ្រោយចង្វាទៅជួយធ្វើអន្តរាគមន៍ នៅពេលដែលសមត្ថកិច្ចទៅជិតដល់បុរសនោះ បានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្តង ។នៅពេលធ្លាក់ទៅដល់ក្នុងទន្លេក៏បានហែលទឹកទៅតោងសសរស្ពាន ហើយត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់សង្គ្រោះរួចនាំគ្នាគ្រាហ៍ឡើង ច្រាំងដើម្បីសាកសួរ ។
តាមបុរសរូបនោះបានឱ្យដឹងថា មូលហេតុ ដែលធ្វើឱ្យខ្លួនគិតខ្លីមកលោតទឹកសម្លាប់ខ្លួនដោយសារតែមានវិបត្តិក្នុងគ្រួសារតែពុំដឹងថា មានវិបត្តិរឿងអ្វីឡើយ ។
បុរសរូបនោះបានប្រាប់ឱ្យដឹងទៀតថា នៅមុនពេលមកលោតទឹកគាត់បានលេបថ្នាំងងុយដេកអស់ចំនួន៤០គ្រាប់មិនស្លាប់ក៏បានធ្វើដំណើរមកលោតទឹកហើយមិនបានសម្រេចទៀត ។ដោយសារតែស្ថានភាពបុរសនោះចុកទ្រូង នគរបាលអង្គភាពការពារគោលដៅទី៣ក៏បានទាក់ទងហៅរថយន្តសាមុយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕
ជ្រោយពេជ្រ