នៅថ្ងៃទី ២៧ខែកុម្ភៈ រដ្ឋសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយរហូតដល់១៩០០ពាន់លានដុល្លារពាក់ព័ន្ធកូវីដ- ១៩ ដែលប្រធានាធិបតី បៃឌិនបានស្នើឡើង។
សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាជ័យជម្នះយ៉ាងធំធេងរបស់ប្រធានាធិបតីក្នុងពេលដែលកូវីដ-១៩ ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ពលរដ្ឋលើគ្រប់ជំពូក ពិសេសគឺសេដ្ឋកិច្ច។
ចំណែកសារព័ត៌មាន CNNវិញបានផ្សាយថា លទ្ធផលបោះឆ្នោតទទួលបានការគាំទ្រប្រកៀកគ្នា ដោយសំឡេងគាំទ្រ២១៩ និងប្រឆាំង២១២ គឺលើសតែ៧សំឡេងប៉ុណ្ណោះ។ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបោះឆ្នោតប្រឆាំងគឺ លោក Kurt Schrader មកពីរដ្ឋ Oregon និងលោកJared Golden មកពី Maine ។ នៅសប្តាហ៍ក្រោយច្បាប់ចំណាយប្រាក់នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីអនុម័ត ហើយបើទទួលបានការអនុម័តនោះនឹងបញ្ជូនមកកាន់ប្រធានាធិបតីចុះហត្ថលេខាជាច្បាប់។
សមាជិកគណបក្សសាធារណរដ្ឋ មួយចំនួនបានលើកឡើងថា ប្រាក់ចំណាយមួយចំនួននៅក្នុងគម្រោងចំណាយ ១៩០០ពាន់លានដុល្លារគឺមិនចាំបាច់ឡើយ។ កញ្ចប់ជំនួយខាងលើ នឹងសងថ្លៃវ៉ាក់សាំង និងឧបករណ៍ពេទ្យ និងជួយហិរញ្ញវត្ថុដល់ពលរដ្ឋ បណ្តាក្រុមហ៊ុន ដែលរងផលប៉ះពាល់ដោយ កូវីដ-១៩។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានបញ្ជាក់ថា«ពលរដ្ឋអាមេរិកគួរតែដឹងថា រដ្ឋាភិបាល និឹងធ្វើគ្រប់យ៉ាងដើម្បីពលរដ្ឋ»។ ចាប់តាំងពីកូវីដ-១៩ ផ្ទុះនៅអាមេរិក នាខែមីនាឆ្នាំ២០២០ មកទល់ពេលនេះ មានពលរដ្ឋអាមេរិក ជាង២៩លាននាក់ហើយបានឆ្លងកូវីដ-១៩ និងស្លាប់ជាង ៥២៣ពាន់នាក់៕ ដោយ សាធី
រូបភាព៖ AP