អំពើហិង្សានៅមីយ៉ាន់ម៉ាកើនឡើង បាតុករម្នាក់ត្រូវប៉ូលិសបាញ់ស្លាប់

ចែករំលែក៖

កាលពិថ្ងៃទី២៦ខែកុម្ភៈ ប៉ូលិសមីយ៉ាន់ម៉ាបន្តប្រើហិង្សាបំបែកក្រុមបាតុករ បណ្តាលឲ្យស្ត្រីម្នាក់ត្រូវ បាញ់សម្លាប់ ។
កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់ទីក្រុង Yangon និងទីតាំងជាច្រើនផ្សេងទៀតនៅថ្ងៃទី២៧ខែកុម្ភៈដើម្បីបង្ក្រាបក្រុមបាតុករ។ ជាមួយគ្នានេះកម្លាំងសន្តិសុខ បានចាប់ខ្លួន អ្នកសារព័ត៌មានជាច្រើនផងដែរ។
តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ស្ត្រីម្នាក់ស្លាប់ ដោយការបាញ់ពីកម្លាំងប៉ូលិសនៅស្រុក Monwya ។ មកទល់ពេលនេះ ប៉ូលិសមិនទាន់មានការលើកឡើងណាមួយពាក់ព័ន្ធសកម្មភាពបាញ់ទៅលើបាតុករនោះឡើយ។
នៅទីក្រុង Yangon បើទោះបីមានកម្លាំងប៉ូលិសជាច្រើនដាក់ពង្រាយ តែពលរដ្ឋនៅតែដង្ហែក្បួនបាតុកម្ម ស្រែកពាក្យស្លោក ប្រឆាំងការដឹកនាំដោយយោធា ។ កម្លាំងប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងបាញ់ទៅលើអាកាសដើម្បីព្រមាន។
អគ្គរដ្ឋទូត មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ធ្វើសកម្មភាពប្រឆាំងការដឹកនាំដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៦ខែកុម្ភៈ អគ្គរដ្ឋទូតមីយ៉ាន់ម៉ាលោក Kyaw Moe Tun បានបញ្ជាក់ថា លោកស្រីស៊ូជី បានស្នើដល់អង្គការសហប្រជាជាតិ ប្រើគ្រប់វិធីសាស្ត្រដើម្បីប្រឆាំងការដឹកនាំដោយយោធា ហើយនាំមកនូវសន្តិសុខសុវត្ថិភាពដល់ពលរដ្ឋ ។

នៅថ្ងៃសៅរ៍នេះក្រុមជនជាតិដើម «មន» នៅមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នាដើម្បីរំលឹកទិវាជនជាតិមន ហើយពួកគេក៏បានចូលរួមជាមួយ ក្រុមជនជាតិភាគតិចផ្សេងទៀត ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលអន្តរជាតិបានចាត់ទុកថា ជារដ្ឋប្រហារយោធានោះផងដែរ។ បើតាមអ្នកឃ្លាំមើលស្ថានការណ៍នៅមីយ៉ាន់ម៉ា ប៉ូលិសបានធ្វើការបង្ក្រាប និងចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួនទៀតផងដែរ នៅថ្ងៃទី២៧ខែកុម្ភៈ ។
ក្រុមបាតុករដែលត្រូវបានបំបែក ដោយកងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា បានប្តេជ្ញាធ្វើបាតុកម្មបន្ថែមទៀត ហើយពួកគេក៏បានធ្វើការថ្កោលទោស ចំពោះសកម្មភាពបង្ក្រាប នៅទីក្រុងរ៉ង់ហ្គូននេះផងដែរ។ ទីក្រុង Yangon គឺជាទីក្រុងសេដ្ឋកិច្ចធំបំផុត ដែលមានប្រជាជនរស់នៅរហូតដល់ទៅជាង ៥លាន ៣សែននាក់៕

...

រូបភាព៖ EPA-EFE

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print