អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បាននិយាយថា៖ អំពើហិង្សាមួយបានផ្ទុះឡើងរវាងក្រុមបាតុករថៃ និងកម្លាំងប៉ូលីសអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្បែរនិវេសដ្ឋាននាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ក្នុងទីក្រុងបាងកក នៅវេលាម៉ោង៣រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យមនុស្សជាច្រើនរងរបួស និងត្រូវចាប់ខ្លួន។
កាសែតបាងកកប៉ុស្តិ៍ បន្តថា ក្រុមបាតុករដែលភាគច្រើនជាយុវជនប្រមាណ១៥០០នាក់ បានជួបជុំគ្នានៅវិមានជ័យជម្នះនាទីក្រុងបាងកកនៅម៉ោងបីរសៀល ហើយក៏ដង្ហែរក្បួនទៅកាន់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ១ ដែលជាកងអង្គរក្សមហាក្សត្រ។ ក្រុមបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ បានចាប់ផ្ដើមកម្រើកសកម្មភាពជាថ្មីនៅចុងសប្ដាហ៍មុន។ អំឡុងពេលតវ៉ានៅថ្ងៃទី២៨ ខែកុម្ភៈ អំពើហិង្សាក៏ផ្ទុះឡើងរវាងបាតុករ និងកម្លាំងសន្តិសុខដែលរក្សាសណ្ដាប់ធា្នប់។
ជាក់ស្ដែងគោលដៅរបស់បាតុករ គឺនិវេសនដ្ឋាននាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា។ ព្រោះមិនខុសពីការតវ៉ាឆ្នាំមុនៗឡើយ ដោយពួកគេទាមទារឱ្យលោក ប្រាយុទ្ធ លាលែងពីតំណែង ដោយចោទលោកលើកំហុសជាច្រើនដូចជាអំពើពុករលួយ អសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច និងកូវីដ-១៩ ជាដើម។
កាសែតបាងកកប៉ុស្តិ៍ បន្ថែមទៀតថា ក្នុងការតវ៉ានេះដែរ ក្រុមប៉ូលីសបង្រ្កាបកុបកម្មប្រមាណពីរពាន់នាក់ ត្រូវបានពង្រាយដើម្បីដោះស្រាយស្ថានការណ៍ដែលតានតឹង ហើយរនាំងត្រូវបានដាក់លើផ្លូវដើម្បីរារាំងបាតុករចូលទៅក្បែរផ្ទះលោក ប្រាយុទ្ធ ផងដែរ។ អំពើហិង្សាបានផ្ទុះឡើងនៅម៉ោងប្រមាណ៦កន្លះល្ងាចរវាងបាតុករ និងប៉ូលិស។ ប៉ូលីសថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងរថយន្តបាញ់ទឹកដើម្បីបំបែកបាតុករ ដែលបានចោលវត្ថុជាច្រើនដាក់ប៉ូលិសវិញ។ ប៉ូលីសថៃ ក៏បាញ់គ្រាប់កៅស៊ូជាច្រើនដែរ។ ចំណែកអ្នកតវ៉ាជាច្រើន រងរបួសក្នុងការប៉ះទង្គិចនេះ ហើយមនុស្សជាច្រើននាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ។
គួរបញ្ជាក់ថា ចំពោះការទាមទារឲ្យលោកនាយករដ្ឋមន្រ្តីថៃ លាលែងពីតំណែង ជាលក្ខខណ្ឌមួយក្នុងចំណោមការទាមទារសំខាន់ៗរបស់បាតុករដែលភាគច្រើនជាយុវជន។ ពួកគេក៏ទាមទារឱ្យលុបចោលរដ្ឋធម្មនុញ្ញតាក់តែងដោយយោធាដែលរួមបញ្ចូលការកាត់បន្ថយអំណាចស្ដេចផងដែរ។ ការប៉ះពាល់ស្ថាប័នកំពូលនេះ ក៏នាំឱ្យមេដឹកនាំបាតុករជាច្រើន ត្រូវចោទប្រកាន់ពីបទប្រមាថស្ដេចដែលជាទោសដ៏ធ្ងន់ធ្ងរមួយ៕ដោយ៖ស តារា
រូបថត៖ឯកសារ