អន្តរជាតិ៖ បើតាមការអះអាងពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) នៅថ្ងៃចន្ទទី១មីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ជាថ្មីម្តងទៀតថា លោកនឹងទូលសុំឲ្យព្រះមហាក្សត្រ ដើម្បីរំលាយសភាជាតិ ដើម្បីរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅពេលដែលការឆ្លងរាតត្បាតជំងឺ COVID-19 បិទបញ្ចប់។
លោក Muhyiddin Yassin បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាគម្រប់ខួបមួយឆ្នាំ នៃការឡើងកាន់អំណាចរបស់លោកថា៖ «បច្ចុប្បន្ននេះ អ្វីដែលរដ្ឋាភិបាលកំពុងផ្ដោតជាសំខាន់ នោះគឺការដោះស្រាយវិបត្តិសុខាភិបាល និងសេដ្ឋកិច្ចដែលបង្កឡើងដោយការឆ្លងរាតត្បាត COVID-19… ដូច្នេះនៅពេលដែលជំងឺឆ្លងនេះត្រូវបានបិទបញ្ចប់ ខ្ញុំនឹងទូលស្នើឱ្យព្រះមហាក្សត្ររំលាយសភាជាតិ»។
ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកនឹងបន្តអនុវត្តកាតព្វកិច្ច និងភារកិច្ច ពោពេញដោយការទទួលខុសត្រូវ ហើយនៅពេលដែលការបោះឆ្នោតត្រូវបានធ្វើឡើង នោះវាគឺជាពេលដែលប្រជាជនម៉ាឡេស៊ីត្រូវសម្រេចចិត្តថា តើរដ្ឋាភិបាលរបស់លោកត្រូវបន្តកាន់តំណែង នៅអាណត្តិថ្មីទៀតដែរ ឬមួយក៏យ៉ាងណា។
សូមជម្រាបថា ប្រទេសម៉ាឡេស៊ី គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ មានករណីឆ្លង COVID-19 សរុប៣០០,៧៥២ករណី ក្នុងនោះស្លាប់ ១,១៣០នាក់ និងជាសះស្បើយឡើងវិញ ២៧៣,៤១៧នាក់។
គួរបញ្ជាក់ថា ម៉ាឡេស៊ី បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃពុធសប្ដាហ៍មុន ដោយលោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ដែលជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech៕ដោយ៖ស តារា