អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់សហព័ន្ធយានយន្តអាស៊ាន (AAF) បានបញ្ជាក់ថា ព្រុយណេ បានក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ាន ដែលមានតួលេខកើនលើការលក់រថយន្តចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។
ប៉ុន្តែរបាយការណ៍ AAF បានបង្ហាញពីការធ្លាក់ចុះទីផ្សារយានយន្តនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូល ដោយសារតែការរឹតត្បឹតការធ្វើដំណើរក្នុងបរិបទកូវីដ-១៩ និងក្រោមហេតុផលហិរញ្ញវត្ថុ ខណៈព្រុយណេ ជាប្រទេសដ៏កម្រមួយដែលមានអត្រាកំណើន។
ជាក់ស្ដែងរបាយការណ៍ AAF បានអះអាងថា នារយៈពេល១១ខែឆ្នាំ២០២០ ព្រុយណេលក់រថយន្តបាន១២.៥០៥គ្រឿង ពោលគឺកើន១៤,២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ប៉ុន្តែរបាយការណ៍ដដែល មិនបានបង្ហាញតួលេខដែលព្រុយណេលក់រថយន្តបាននាអំឡុងខែធ្នូនោះឡើយ ប៉ុន្តែបើគិតជាភាគរយរួម ព្រុយណេនៅតែមានកំណើនទីផ្សារ៥ភាគរយ។
សូមជម្រាបថា របាយការណ៍ AAF បានបង្ហាញពីតួលេខធ្លាក់ចុះនៃការលក់រថយន្តនៅសមាជិកអាស៊ានផ្សេងទៀត ដែលក្នុងនោះ ឥណ្ឌូនេស៊ី ធ្លាក់ ជាង៤៨ភាគរយ, ម៉ាឡេស៊ីធ្លាក់ ១៣,៥ភាគរយ, មីយ៉ាន់ម៉ាធ្លាក់ជាង១៩ភាគរយ, ហ្វុីលីពីនធ្លាក់៣៩,៥ភាគរយ, សិង្ហបុរីធ្លាក់ជាង៣៧,៥ភាគរយ, ថៃធ្លាក់ជិត២១,៥ភាគរយ និងវៀតណាមធ្លាក់៨ភាគរយ។
គួរបញ្ជាក់ថា បើប្រៀបធៀបរយៈពេលចន្លោះខែមករា ដល់ខែវិច្ឆិកា កាលពីឆ្នាំ២០១៩ ការលក់រថយន្តអាស៊ីអាគ្នេយ៍ ធ្លាក់ចុះ២៩ភាគរយ ពោលគឺពីជាង៣,៤៦លានគ្រឿង មកត្រឹម២,៤៥លានគ្រឿង។ រីឯតួលេខនៃការផលិតឯណោះវិញ AAF មានទិន្នន័យតែពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា, ហ្វុីលីពីន ,ថៃ និងវៀតណាមប៉ុណ្ណោះ ដោយជារួមមានការធ្លាក់ចុះ៣១,១ភាគរយ ដោយធ្លាក់ពីជាង២,១លានគ្រឿងនៅឆ្នាំ២០១៩ មកត្រឹមជាង២,៨លានគ្រឿងនៅឆ្នាំ២០២០៕
ដោយ៖ស តារា(រូបភាព៖AFP)