មន្ត្រី​ផ្នែក​ទំនាក់ទំនង​រដ្ឋា​ភិ​បាលជ​ប៉ុន ​លាលែង​ពី​តំណែង ក្រោយ​រង​ការរិះគន់ រឿងរ៉ាវ​ទទួលទាន​អាហារ​ថ្លៃៗ​

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់ពី​រង​ការរិះគន់ និង​ការមិន​ពេញចិត្ត​ពី​សាធារណជន ជុំវិញ​រឿងរ៉ាវ​ទទួលទាន​អាហារ​ថ្លៃៗ​ ដែលកើតឡេីង​នៅក្នុង​ឆ្នាំ​២០១៩ ​ជាមួយ​កូន​នាយករដ្ឋមន្ត្រី ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​ បានធ្វេីឲ្យលោកស្រី Makiko Yamada មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន បាន​លាលែង​ពី​តំណែង។

បេីតាមលោក Katsunobu Kato ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ហិរញ្ញវត្ថុ នៃ​សភា​តំណាង ក្នុង​ថ្ងៃទី​១ ខែមីនា​ ​យ៉ាងច្បាស់ៗ​ថា៖ រដ្ឋាភិបាល បានទទួល​លិខិត​លាលែង​ពី​លោកស្រី Makiko Yamada លេខាធិការ​ទំនាក់ទំនង​សាធារណៈ​នៃ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នករៀបចំ​សន្និសីទ​សារព័ត៌មាន​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ។ លោក Kato និយាយថា លោកស្រី Yamada លាលែង​ព្រោះ​សុខភាព​មិនល្អ មិនអាច​បំពេញ​កាតព្វកិច្ច​បន្តទៀត​បាន​។ 

 បេីតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ពេលនេះ លោកស្រី​Yamada កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។ គេ​មិន​បានដឹង​ឡើយ​ពី​មូលហេតុ​មន្ត្រីជាន់ខ្ពស់​ជ​ប៉ុន​រូបនេះ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ឡើយ​។ ការ​សម្រាក​នៅ​មន្ទីរពេទ្យ ធ្វើឡើង ស្របពេល​លោកស្រី ត្រូវ​បង្ហាញមុខ​នៅក្នុង​សភា​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ដើម្បី​ឆ្លើយ​សំណួរ ជុំវិញ​ការ​បរិ​ភាគ​អាហារ​ពេល​ល្ងាច​ជាមួយ​កូន​នាយករដ្ឋមន្ត្រី ស៊ូ​ហ្កា​។ 

 ដោយឡែក​ទស្សនា​វ​ដ្តី​ក្នុងស្រុក Shukan Bunshun នៅ​ដើមខែ​កុម្ភៈ​កន្លងទៅ បាន​ចុះផ្សាយ​ពី​ការបរិភោគ​អាហារ​ពេល​ល្ងាច​នៅក្នុង​ភោជនីយដ្ឋាន ក្នុង​ទីក្រុង​តូ​ក្យូ​រវាង​មន្ត្រី​ទំនាក់ទំនង និង​កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ជប៉ុន ឈ្មោះ Seigo Suga កាលពី​ឆ្នាំ​២០១៩​។ កាលនោះ លោក Seigo ដែលជា​មន្ត្រី​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ក៏បាន​ប្រគល់​អំណោយ​ទៅឱ្យ​លោកស្រី Yamada ដែល​ពេលនោះ ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​ទំនាក់ទំនង និង​មហាផ្ទៃ​នៅឡើយ​។ 

 ​បញ្ហា​នេះ បានធ្វើឱ្យ​ប្រជាជន​ជប៉ុន រិះគន់ និង​មិន​ពេញចិត្ត​យ៉ាងខ្លាំង​។ នៅក្នុង​ច្បាប់​សីលធម៌​មន្ត្រី​ស៊ីវិល​របស់​ជប៉ុន មន្ត្រី​រដ្ឋាភិបាល មិនអាច​ទទួល​អំណោយ ឬ​ការ​ផ្គាប់ចិត្ត​ពី​ក្រុមហ៊ុន​ឯកជន​ណាមួយ​ឡើយ ដើម្បី​បញ្ចៀស​ការផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ឬ​អំពើពុករលួយ​។​

 ​គួរបញ្ជាក់ថា លោកស្រី Yamada កន្លងមកក៏បាន​កាត់​ប្រាក់បៀវត្ស​របស់ខ្លួន ៦០​ភាគរយ រយៈពេល ១​ខែ ដែលមាន​ចំនួន​ជាង ៦០០​ដុល្លារ​ផងដែរ ដើម្បី​ផ្តល់​សំណង​ដល់​អាហារ​ពេល​ល្ងាច​នោះ​។ ប៉ុន្តែ​សមាជិកសភា​បក្សប្រឆាំង នៅតែ​ជំរុញ​ឱ្យ​លោកស្រី​លាលែង​ចេញពី​តំណែង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print