គណៈកម្មការអឺរ៉ុប មានគម្រោងប្រកាសឲ្យប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង( Passport Vaccine ) សម្រាប់ការប្រើប្រាស់ក្នុងតំបន់អឺរ៉ុប និងជុំវិញពីភពលោកសម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់។ គម្រោងខាងលើអាចនឹងដំណើរការនៅក្នុងខែមីនានេះ។
នៅក្នុងកិច្ចប្រជុំអនឡាញជាមួយក្រុមតំណាងរាស្ត្រអាល្លឺម៉ង់ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់ពិីគម្រោងប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង។ កន្លងមក មានប្រទេសជាច្រើនបានស្នើចេញលិខិតវ៉ាក់សាំងក្នុងពេលដែលករណីឆ្លងកូវីដ-១៩នៅតែកើនឡើងខ្ពស់ ធ្វើឲ្យការធ្វើដំណើររបស់ពលរដ្ឋត្រូវរាំងស្ទះ ។ ការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចទាំងពីរម្ជុលអាចធ្វើដំណើរតាមបណ្តាប្រទេសក្នុងតំបន់បានយ៉ាងងាយស្រួល មិនចាំបាច់ធ្វើចត្តាឡី
ស័កឡើយ។
នៅពេលនេះ មានប្រទេសជាច្រើន បានគាំទ្រការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងដែលជាច្រកចេញដ៏សំខាន់បំផុតសម្រាប់វិស័យទេសចរណ៍របស់ពិភពលោក ក៏ដូចជាវិស័យអាកាសចរណ៍ អាចដំណើរការហោះហើរវិញដូចដើម។
បើទោះបីទទួលបានការគាំទ្រពីប្រទេសជាច្រើន ប៉ុន្តែគម្រោង ប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង មិនទាន់ទទួលបានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។ អង្គការ WHO បញ្ជាក់ថា នេះមិនមែនជាពេលវេលាដែលត្រូវអនុវត្តការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងដោយប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ ។ មួយវិញទៀត ការផ្គត់ផ្គង់វ៉ាក់សាំង ដល់ពិភពលោកទាំងមូលនៅមានកម្រិតនៅឡើយ ៕ ដោយ សាធី
រូបភាព៖ AP