អន្តរជាតិ៖ ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី ១០២ នៃទិវាចលនាឯករាជ្យ ១មីនា នៅទីក្រុងសេអ៊ូល ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បាននិយាយថា ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូអាចផ្តល់ឱកាសចរចាជាថ្មី រវាងកូរ៉េខាងជើងជាមួយអាមេរិក ឬកូរ៉េខាងជើង និងជប៉ុន និងរវាងកូរ៉េទាំងពីរ ដើម្បីផ្សះផ្សាវិបត្តិនយោបាយដែលប្រេះស្រាំឡើងវិញ។
បើតាមលោក មូន ចេអ៊ីន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានអះអាងថា កូរ៉េខាងត្បូងនឹងធ្វើការជាមួយជប៉ុនដើម្បីរៀបចំព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលនេះអាចជួយសម្រួលដល់ទំនាក់ទំនងប្រទេសទាំងពីរ និងការកាត់បន្ថយ ឬបង្ការការឆ្លងជំងឺ COVID-19 ផង។ ជាក់ស្តែងការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបែបនេះ កើតឡើងនៅពេលដែលទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយកូរ៉េខាងត្បូង និងជប៉ុនហាក់ប្រេះស្រាំជាថ្មី និងការចរចាជុំវិញការរំសាយអាវុធនុយក្លេអ៊ែរជាមួយអាមេរិកកាលពីឆ្នាំ២០១៩ ដែលបរាជ័យ។
ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ដោយហេតុទាំងអស់នេះ ទើបលោកចង់យកព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូដែលពន្យារទៅឆ្នាំ២០២១ ដោយសារ COVID-19 ធ្វើជាកីឡាការទូតដើម្បីស្រោចស្រង់វិបត្តិនយោបាយរវាងប្រទេសទាំងបីជាមួយកូរ៉ខាងជើងឱ្យមានភាពប្រសើរឡើងវិញ។
លោក មូន បានលើកឡើងដូច្នេះនៅឯឧទ្យានសាធារណៈមួយក្នុងក្រុងសេអ៊ូលនាពិធីប្រារព្ធខួបលើកទី ១០២ នៃទិវាចលនាឯករាជ្យ ១ មីនា យ៉ាងដូច្នេះថា៖«ព្រឹត្តិការណ៍ដែលបានគ្រោងទុកសម្រាប់ឆ្នាំនេះអាចជាឱកាសមួយសម្រាប់ការសន្ទនារវាងកូរ៉េខាងត្បូងនិងជប៉ុន, កូរ៉េខាងត្បូង ជាមួយកូរ៉េខាងជើង, កូរ៉េខាងជើង ជាមួយជប៉ុន និងកូរ៉េខាងជើងជាមួយអាមេរិក»។
សូមជម្រាបថា ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះនៅមិនទាន់មានភាពប្រាកដប្រជានោះទេ ដ្បិតវិបត្តិ COVID-19 ផង ហើយក្រុងព្យុងយ៉ាងក៏បានកាត់ផ្តាច់ទំនាក់ទំនងជាមួយពិភពលោកផង ក្រោយកូរ៉េខាងជើង និងអាមេរិកក្រោមការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ ចរចាគ្នាគ្មានទទួលបានផ្លែផ្កាអ្វីសោះនោះ។
គួរបញ្ជាក់ថា បើមិនមានការផ្លាស់ប្តូរគម្រោងអ្វីទេនោះ ជប៉ុននឹងដឹកនាំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងតូក្យូឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហាឆ្នាំ ២០២១៕ដោយ៖ស តារា
រូបភាព៖ឯកសារ