ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្ដល់ជាកិត្តិយសថតរូបអនុស្សាវរីយ៍ក្នុងការប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ជូនដល់រមណីយដ្ឋាន Hilltop Observatory & Resorts ដែលរមណីយដ្ឋាននេះ (នីតិបុគ្គល) ត្រូវបានក្រសួងបរិស្ថាន ចេញបណ្ណសរសើរមេត្រីភាពបរិស្ថាន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នាទីស្ដីការក្រសួងបរិស្ថាន ក្នុងកម្មវិធី “លើកទឹកចិត្តមេត្រីភាពបរិស្ថាន” ដោយរមណីយដ្ឋានមួយនេះបានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានយ៉ាងល្អប្រសើរ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។
រមណីយដ្ឋាន Hilltop Observatory & Resorts មានទីតាំងនៅតាមបណ្ដោយផ្លូវដាក់ដាំ ត្រង់បង្គោលគីឡូម៉ែត្រលេខ៧ ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានវាយតម្លៃពីគុណវុឌ្ឍិក្នុងការទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា នេះគឺជាការលើកទឹកចិត្តដល់ប្រតិបត្តិករដែលបានចូលរួមប្រតិបត្តិសកម្មភាពមេត្រីភាពបរិស្ថានឆ្នើម និងការបញ្ជ្រាបការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ បន្ថែមពីលើនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏សូមលើកទឹកចិត្តដល់រូបវន្តបុគ្គល និងនីតិបុគ្គលដែលរួមមាន សាលារៀន វត្តអារាម មន្ទីរពេទ្យ សហគ្រាស ធនាគារ រមណីយដ្ឋាន អង្គភាព ឬស្ថាប័ននានា ចូលរួមអនុវត្តសកម្មភាពមេត្រីភាពបរិស្ថាននៅក្នុងឆ្នាំ២០២១នេះ សំដៅធ្វើឲ្យប្រសើរឡើងនូវបរិស្ថានស្អាត មានភាពបៃតង ផាសុកភាព និងសោភ័ណភាពសម្រាប់ការរស់នៅ ព្រមទាំងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងបន្ថែមទៀត៕
ដោយ, សិលា