បច្ចុប្បន្ន ចំនួនវ៉ាក់សាំង ដែនបានចាក់នៅក្នុងប្រទេសចិនគិតជាភាគរយ គឺតិចជាងចំនួនភាគរយ ប្រទេសអុីស្រាអែល អារ៉ាប់រួម និងអាមេរិក។
នៅថ្ងៃទី ២ខែមីនា អ្នកឯកទេសស្តីពីគោលនយោបាយទប់ស្កាត់កូវីដ ១៩ របស់ចិន បានឲ្យដឹងថា ចិនបានកំណត់គោលដៅ ចាក់ជូនពលរដ្ឋ ៤០ភាគរយ នៃពលរដ្ឋសរុប គិតត្រឹម ចុងខែមិថុនាឆ្នាំ២០២១។ ជាមួយគ្នានេះចិន ក៏បានបង្កើន សកម្មភាពផលិតវ៉ាក់សាំង ផងដែរ។
ចិនជាប្រទេសដំបូងគេឆ្លងកូវីដ១៩ ដោយផ្ទុះចេញពីទីក្រុងវូហាន ប៉ុន្តែចិនទប់ស្កាត់បានយ៉ាងល្អ ដោយសារតែការអនុម័តច្បាប់ គម្លាតសង្គមតឹងតែងបំផុត។ ជាមួយគ្នានេះចិនក៏បានចាក់វ៉ាក់សាំង ជូន កម្លាំងជួរមុខ ទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍។
បើទោះបីឆ្លងមុនគេតែមកទល់ពេលនេះចិន មានអ្នកឆ្លងតែជាង ៨៩ពាន់នាក់ប៉ុណ្ណោះ និងស្លាប់ ៤៦៣៦នាក់ ស្ថិតនៅលំដាប់ទី៨៥ ក្នុងតារាំងប្រទេសមានអ្នកឆ្លងកូវីដ១៩ ជាង២០០ប្រទេសនិងដែនដីនៅលើពិភពលោក ។
ចំណែកអ្នកឆ្លងនៅលើពិភពលោកវិញគិតត្រឹម ម៉ោង ១៩ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២១ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១១៥,០៧០,៧០៤នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២,៥៥២,១២០នាក់បានស្លាប់បាត់បង់ជីវិត និង ៩០,៧៩២,៨០៣នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕
រូបភាព៖ THX/TTXVN