ភ្នំពេញ, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រលប់ថ្ងៃទី២ មកពីខែមីនា ឆ្នាំ២០២១ បានថ្លែងអោយដឹងថា, ជាមួយការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លង មជ្ឈមណ្ឌលកូវ៉ាក់ (COVAX facility) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក បានសម្រេចផ្តល់ជូនប្រទេសកម្ពុជានូវវ៉ាក់សាំងប្រភេទ Astra Zeneca/SII ដែលវ៉ាក់សាំងនេះបានត្រូវដឹកជញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។ លោកថ្លែងបន្តថា, នេះជាមោទនភាពរបស់កម្ពុជា ក្នុងនាមជាប្រទេសទីមួយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងតាមរយៈយន្តការនេះ។
សូមបញ្ជាក់ថា Astra Zeneca/SII ជាប្រភេទវ៉ាក់សាំងដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌានេះ គឺជាគម្រូវ៉ាក់សាំងមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យOxford ចក្រភពអង់គ្លេស ហើយដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោកកាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។
គួររំលឹកផងដែរថា កម្ពុជា កន្លងមក បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចាប់តាំងពីដំណាក់កាលដំបូង។ ជាពិសេសទៅទៀតនោះ កម្ពុជាបានជួយសង្រ្គោះអ្នកដំណើរនាវាវេស្ទើរដាម ដែលនេះគឺជាកាយវិការមនុស្សធម៌ដ៏ធំធេងមួយប្រកបដោយទំនួលខុសត្រូវក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ។ យើងចងចាំមិនភ្លេច នូវការប្រសិទ្ធនាមកម្ពុជាថា “ជាប្រទសតូច តែមានបេះដូងធំ” ដោយសហគមន៍អន្តរជាតិ។
សូមអរគុណរាជរដ្ឋាភិបាល! អរគុណសន្តិភាព!
ដោយ, សិលា