អាមេរិក និងសហភាពអឺរ៉ុប សម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី​ ពាក់ព័ន្ធនឹងការបំពុលលោក Alexei Navalny

ចែករំលែក៖

អន្តរជាតិ​៖​ បេីតាមការបញ្ជាក់ពីលោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន នៅថ្ងៃទី២ ខែមីនា​ ឆ្នាំ​២០២១​ បានលើកឡើងថា​ អាមេរិក និងសហភាពអឺរ៉ុប(UN) បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ និងស្ថាប័នរុស្ស៊ីដែលពាក់ព័ន្ធនឹងការបំពុលអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ីលោក Alexei Navalny ។ ហេីយ​នេះ ជាទណ្ឌកម្មដំបូងបង្អស់របស់រដ្ឋបាលប្រធានាធិបតីអាមេរិក​ លោកចូ បៃឌិន ដាក់លើរុស្ស៊ី។ ចំណែកទណ្ឌកម្មរបស់សហភាពអឺរ៉ុបវិញ គឺជាទណ្ឌកម្មលើកទីពីរផងដែរ។

អ្នកនាំពាក្យសេតវិមានរូបនេះ​ បានលេីកឡេីងបន្ថែមថា៖​ ​«បណ្តាញចារកិច្ច វាយតម្លៃដោយមានទំនុកចិត្តខ្ពស់ថា មន្ត្រីសន្តិសុខនៃសហព័ន្ធរុស្ស៊ី(FSB) ប្រើប្រាស់សារធាតុបំពុលលើអ្នកនយោបាយប្រឆាំងលោក Alexei Navalny »។

ជាមួយគ្នានេះ​លោកស្រី Jen Psaki ក៏បានទាមទារឱ្យរដ្ឋាភិបាលរុស្ស៊ីដោះលែងលោកNavalny និងថា ការមិនដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាការបង្ហាញពីភាពចាំបាច់ក្នុងការបន្តទំនាក់ទំនងឆ្ពោះទៅមុខ។ ប៉ុន្តែមុនការប្រកាសដាក់ទណ្ឌកម្មរបស់អាមេរិក លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងសក្តិសមចំពោះទណ្ឌកម្មនេះ។

ចំណែក​ទណ្ឌកម្មរបស់ក្រសួងរតនាគារជាតិអាមេរិក គឺ​សំដៅទៅលើមន្ត្រីជាន់ខ្ពស់រុស្ស៊ីចំនួន៧រូប មានដូចជា៖​ រដ្ឋអាជ្ញា និងប្រធានកងកម្លាំងសន្តិសុខជាតិរុស្ស៊ីជាដើម។ លេីសពីនេះ​ទៅទៀត​ ស្ថាប័នចំនួន១៤ផ្សេងទៀតក៏រងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិផងដែរ។ ការដាក់ទណ្ឌកម្មរបស់អាមេរិក ក្នុងរដ្ឋបាលរបស់លោក ចូ បៃឌិន បង្ហាញពីឆន្ទៈក្នុងការប្រឈមមុខជាមួយរុស្ស៊ី ដែលខុសពីលោកអតីតប្រធានាធិបតីដូណាល់ ត្រាំ។​ ចំពោះ​មន្រ្តីជាន់ខ្ពស់ទាំងនោះសំដៅលើលោក Sergei Kiriyenko នាយករងខុទ្ទកាល័យរបស់ប្រធានាធិបតីរុស្ស៊ី, លោក Alexander Kalashnikov ប្រធានពន្ធនាគាររុស្ស៊ី, លោកIgor Krasnov អគ្គរដ្ឋអាជ្ញា, លោក Alexander Bortnikov អគ្គនាយក FSB, លោក Andrei Yarin ប្រធានគោលនយោបាយក្នុងស្រុករុស្ស៊ី និងអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីពីររូបគឺលោក Alexei Krivoruchko និង លោកPavel Popo។

ដោយឡែក​ទ្រព្យសម្បត្តិរបស់បុគ្គលទាំង៧រូបខាងលើនេះ ដែលមាននៅអាមេរិកនឹងត្រូវបង្កក។ បន្ថែមពីនេះទណ្ឌកម្មក៏ហាមមិនឱ្យបុគ្គលដទៃទៀតធ្វើពាណិជ្ជកម្មជាមួយផងដែរ។ អាមេរិក ក៏នឹងដាក់ទណ្ឌកម្មលើបុគ្គលទាំងឡាយណាដែលជួយជ្រោមជ្រែងក្នុងការទូទាត់សាច់ប្រាក់ជាមួយផងដែរ។ ការដាក់ទណ្ឌកម្មរបស់អាមេរិក ធ្វើដំណាលគ្នានឹងការអនុម័តទណ្ឌកម្មរបស់គណៈកម្មការអឺរ៉ុប។ កាលពីថ្ងៃទី២១ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានយល់ស្របដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រុស្ស៊ីចំនួន៤រូប។

មន្ត្រីជាន់ខ្ពស់រុស្សីចំនួន៤រូបដែលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមការធ្វើដំណើរ មានលោក Alexander Bastryki ដែលគ្រប់គ្រងគណៈកម្មាធិការស៊ើបអង្កេត។ បុគ្គលទីពីរ គឺលោក Igor Krasnov អគ្គរដ្ឋអាជ្ញារុស្ស៊ី។ បុគ្គលទី៣ គឺលោក Viktor Zolotov ប្រធានឆ្មាំជាតិរុស្ស៊ី ដែលធ្លាប់គំរាមលើអាយុជីវិតលោក Navalny ជាសាធារណៈក្នុងឆ្នាំ២០១៨។ បុគ្គលចុងក្រោយនោះ គឺលោក Alexander Kalashnikov ប្រធានពន្ធនាគាររុស្ស៊ី ដែលចេញលិខិត និងប្តឹងលោក Navalny ពីការល្មើសការនៅក្រៅឃុំ។

សូមរម្លឹកថា​ អ្នកនយោបាយប្រឆាំងលោក Alexei Navalny ធ្លាក់ខ្លួនឈឺភា្លមៗនៅតំបន់ស៊ីបេរី និងត្រូវបញ្ជូនទៅព្យាបាលនៅអាល្លឺម៉ង់កាលពីខែសីហា ឆ្នាំ២០២០។ក្រោយពេលសម្រាកព្យាបាលអស់រយៈពេលជាង៤ខែដោយសារតែការបំពុលសារធាតុ Novichok លោក Navalny បានត្រឡប់មករុស្ស៊ីវិញក្នុងខែមករា និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ឃុំ២ឆ្នាំកន្លះចំពោះការបំពានលក្ខខណ្ឌនៅក្រៅឃុំ។

គួរបញ្ជាក់ថា​ ក្រៅតែពីមន្ត្រីជាន់ខ្ពស់ ស្ថាប័នរដ្ឋនិងឯកជនចំនួន១៤ផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការផលិតសារធាតុគីមី និងជីវសាស្ត្រពុលក៏រងទណ្ឌកម្មអាមេរិកដែរ ដែលក្នុងនោះមានក្រុមហ៊ុន៩នៅរុស្ស៊ី ៣នៅអាល្លឺម៉ង់ និងមួយទៀតនៅស្វ៊ីស។ ចំណែកមន្ទីរពិសោធន៍របស់រដ្ឋាភិបាលរុស្ស៊ីក៏រងទណ្ឌកម្មអាមេរិកដែរ៕ដោយ​៖ស​ តារា​

រូបភាព​៖លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន

អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ីលោក Alexei Navalny

...

រូបថត​៖The Associated Press

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print