នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ដឹកនាំប្រជុំការងារស្តីអំពី កិច្ចសហប្រតិបត្តិការរវាង គ.ប.ផ.ក. និង ក្រុមការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ, នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹក ថ្ងៃពុធ ទី ៣ ខែ មិនា ឆ្នាំ ២០២១ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានគ.ប.ផ.ក. បានដឹកនាំប្រជុំការងារស្តីអំពី កិច្ចសហប្រតិបត្តិការរវាង គ.ប.ផ.ក. និង ក្រុមការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមាន លោកស្រី ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាសមាជិកគ.ប.ផ.ក. ដែលជាប្រធានក្រុមការងារនេះ បានដឹកនាំក្រុមការងារជំនាញចំនួន៥រូបមកចូលរួម។

លោកប្រធានអង្គប្រជុំបានកោតសរសើរ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានយកចិត្តទុកដាក់បង្កើតក្រុមការងារនេះឡើងដើម្បីសហការគ្នាក្នុងការស្រាវជ្រាវ ស៊ើបអង្កេតរកប្រភពនៃផលិតផលក្លែងក្លាយ និងធ្វើការបង្រា្កបអោយបានទាន់ពេលវេលា។

លោកក៏បានបញ្ជាក់ថា គ.ប.ផ.ក. នឹងសហការជាមួយក្រុមការងារថ្មីនេះក្នុងការបំពេញការងារដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានាដែលមានស្រាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារសុខុមាលភាព និងអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប។

លោកបានណែនាំអោយក្រុមការងារយកចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់លើការនាំចូលចំណីអាហារ ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត គ្រឿងយន្តនិងគ្រឿងបន្លាស់គ្រឿងយន្តកសិកម្ម ។ល។ ដែលពុំអនុលោមតាមវិធាននានាដែលមានជាធរមាន។

លោកស្រី ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សមាជិកគ.ប.ផ.ក. និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងកសិកម្ម បានសម្តែងសេចក្តីរីកករាយ និងប្តេជ្ញាសហការអោយបានល្អជាមួយ គ.ប.ផ.ក. តាមការណែនាំរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាថ្នាក់ដឹកនាំ។

ក្រៅពីការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមនីតិវិធីច្បាប់ ស្ថាប័នទាំងពីរនឹងផ្តោតការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ អំពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print