លោករដ្ឋមន្ត្រី វេង សាខុន : លទ្ធផលនៃការស្តារឡើងវិញនៃការខូចខាតដំណាំស្រូវរដូវវស្សា ដែលបានទទួលរងខូចខាតដោយជំនន់ទឹកភ្លៀងចុងរដូវវស្សា នៅឆ្នាំ២០២០ កន្លងទៅ

ចែករំលែក៖

ភ្នំពេញ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អំពី លទ្ធផលនៃការស្តារឡើងវិញនៃការខូចខាតដំណាំស្រូវរដូវវស្សា ដែលបានទទួលរងខូចខាតដោយជំនន់ទឹកភ្លៀងចុងរដូវវស្សា នៅឆ្នាំ២០២០ កន្លងទៅ។

លោកថ្លែងថា, ដោយព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ២០២០ កន្លងទៅបានជួបប្រទះនឹងគ្រោះធម្មជាតិចំនួនពីរដង គឺគ្រោះរាំងស្ងួតដើមរដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀងនៅចុងរដូវវស្សា ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះដំណាំកសិកម្មប្រមាណជា ៥៦០ ០០០ ហ.ត ជាពិសេសដំណាំស្រូវបានប៉ះពាល់សរុបចំនួន ៤៤៩ ៧៩៧ ហិកតា ដែលក្នុងនោះខូចខាតទាំងស្រុងចំនួន ១៥៤ ៣២៨ ហិកតា ស្ថិតនៅក្នុង១៩ខេត្ត។

ដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ប្រជាកសិករ និងក្នុងគោលបំណងជំរុញផលិតកម្មស្បៀង បន្ទាប់ពីទទួលរងគ្រោះទឹកជំនន់ សម្តេចតេជោ បានដាក់ចេញបទបញ្ជារឲ្យបញ្ចេញគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវជាបន្ទាន់ បន្តបន្ទាប់ អស់គ្រាប់ពូជស្រូវចំនួន ៦ ៥៧៦ តោន ដើម្បីអន្តរាគមន៍ចែកជូនដល់គ្រួសារកសិករចំនួន ៦៩ ៨១៦គ្រួសារ សម្រាប់ធ្វើការស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីប្រមាណ ៦៥ ៧៦០ហិកតា។ ដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដីគ្រប់លំដាប់ថ្នាក់ បានធ្វើអន្តរាគមន៍ផ្តល់គ្រាប់ពូជស្រូវជូនកសិករ ធ្វើការស្តារលើការដាំដុះឡើងវិញបានទាន់ពេលវេលា ហើយបានប្រព្រឹត្តទៅដោយរលូន។ តាមការគណនាការចំណាយសម្រាប់ទិញគ្រាប់ពូជស្រូវ និងការដឹកជញ្ជូនគ្រាប់ពូជសម្រាប់ចែកកសិករ អស់ថវិកាប្រមាណ ៤,៥៣លានដុល្លារ ។

ក្នុងការឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ការស្តារការខូចខាតដំណាំស្រូវឡើងវិញក្រោយទឹកជំនន់ បានចាប់ផ្តើមពីដើមខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២០។ លទ្ធផលនៃការស្តារឡើងវិញមកដល់ពេលនេះគឺបានប្រមូលផលបណ្តើរៗ និងអាចបញ្ចប់នៅដើមខែមេសា ឆ្នាំ២០២១ខាងមុខនេះ។ តាមរយៈការចុះពិនិត្យនិងវាយតម្លៃកន្លងមកបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពលូតលាស់របស់ដំណាំស្រូវដែលបានស្តារឡើងវិញស្ទើតែទាំងអស់មានការលូតលាស់បានល្អប្រសើរ ហើយនៅតំបន់មួយចំនួនក៏បានការប្រមូលផលស្រូវជាបណ្តើរហើយដែរ រីឯទិន្នផលស្រូវសើមដែលទទួលបានពី ៣ ទៅ ៦,៥តោន/ហិកតា (មធ្យម ៤,៥តោន/ហិកតា) អាស្រ័យលើស្ថានភាពដី និងលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព។ ចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះកសិករសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១០០រៀល/គីឡូក្រាម។ តាមការគណនាប្រាក់ចំណូលសរុបដែលទទួលបានពីការលក់ស្រូវរបស់ប្រជាកសិករដែលមកទទួលគ្រាប់ពូជស្រូវអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្ត្រី គឺអាចមានចំនួនប្រមាណជាង ៧៨ លានដុល្លារអាមេរិក៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print