លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញ ដើម្បីឆ្លងសេចក្តីព្រាង សេចក្តីសម្រេច នៃការបង្កើតគណៈកម្មការនីតិកម្ម និងគណៈកម្មការរបាយការណ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៥ នាទីស្តីការក្រសួងសង្គមកិច្ច។

ចែករំលែក៖

កិច្ចប្រជុំឆ្លងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការនីតិកម្ម និងគណៈកម្មការរបាយការណ៍នៃក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំឡើងដោយអនុលោមតាមមាត្រា១០ នៃអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ចែងថា ក.ស.ជ. អាចបង្កើតគណៈកម្មការ ឬអនុគណៈកម្មការជំនាញមួយចំនួនតាមការចាំបាច់។

កិច្ចប្រជុំគណៈកម្មការទាំង២នេះ គឺមានតួនាទីនិងភារកិច្ចយ៉ាងសំខាន់ និងជាសេនាធិការផ្ទាល់ ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការរៀបចំតាក់តែងនូវសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តនានា ដែល មានចែងក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្នុងគោលដៅជួយក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធក្នុងការរៀបចំ និងជំរុញការអនុវត្តគោលនយោបាយ ផែនការជាតិ និងយុទ្ធសាស្រ្ត ដែលមានការពាក់ព័ន្ធទៅនឹងពិការភាព និងការស្តារលទ្ធភាពពលកម្ម។

សេចក្តីព្រាងនៃសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការនីមួយៗ មាន ៤ ជំពូក ៧ ប្រការ។

ការបង្កើតគណៈកម្មការនីតិកម្មនៃក្រុមប្រឹក្សាសកម្មភាពជនពិការ គឺដើម្បីកំណត់អំពីការបង្កើត និងអក្សរកាត់ថា គ.ន.ក. ជាគណៈកម្មការជំនាញជួយក្រសួង ស្ថាប័នក្នុងការលើកសំណើ កែសម្រួល បំពេញបន្ថែម ធ្វើវិសោធនកម្ម គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធនឹងពិការភាព។

ការបង្កើតគណៈកម្មការរបាយការណ៍នៃក្រុមប្រឹក្សាសកម្មភាពជនពិការ គឺដើម្បីកំណត់អំពីការបង្កើត និងអក្សរកាត់ថា គ.រ.ក. ជាគណៈកម្មការជំនាញជួយក្រុមប្រឹក្សាសកម្មភាពជនពិការ ធ្វើរបាយការណ៍បូកសរុបអំពីវឌ្ឍនភាពស្តីពីស្ថានភាពជនពិការជូនរាជរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិ។

ក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានទាញការចាប់អាម្មរណ៍ជំរុញការអនុវត្តអត្រាជនពិការចូលបម្រើការងារតាមក្រសួងស្ថាប័ន ពិសេសសម្រាប់វិស័យឯកជន ដែលមានកាតព្វកិច្ចជ្រើសរើសយកជនពិការចូលឲ្យបម្រើការងារ ឲ្បបាន ១% តាមអត្រាកំណត់។

លោករដ្ឋមន្ត្រីបានក្រើនរំលឹកនិងជំរុញដល់ស្ថាប័នជំនាញរបស់ក្រសួងសង្គមកិច្ច អំពីការអនុវត្តរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ត្រូវធ្វើឲ្យបានឆាប់រហ័ស ព្រោះក្រសួងមានគោលការណ៍អស់ហើយ។

លោករដ្ឋមន្ត្រីបានចាប់អារម្មណ៍និងមានគោលបំនងចង់ជួយឧបត្ថម្ភថ្លៃរបបហូបចុកដល់ជនពិការដែលគ្មានទីពឹង ចំនួន ៥០០០រៀលក្នុងមួយថ្ងៃ ក្នុងគោលបំនងចង់ជួយដល់ជនពិការដែលតែងតែ ប្រគុំតន្រ្តីនៅតាមទីកន្លែងសាធារណៈ ដូចជាតាមផ្សារ ក្បែរសហគ្រាស រោងចក្រជាដើម ក្នុងទិសដៅ ចង់សម្រួលជីវភាពនៅប្រចាំថ្ងៃរបស់ជនពិការគ្មានទីពឹងទាំងនោះ។

ក្រសួងក៏កំពុងពិនិត្យលទ្ធផលផ្តល់ដីសម្រាប់សមាគមតន្ត្រីសំនៀងជនពិការ ដែលបានទទួលការសណ្តោសប្រណីដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាចំនួន ៥មុឺនដុល្លាអាមេរិច ប៉ុន្តែទៅសង់លើដីជួលទៅវិញ ដូច្នេះក្រសួង ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងសិក្សារកទីតាំង ក្នុងគោលបំនងចង់រក្សានូវនិរន្តភាពនៃទីកន្លែងស្នាក់នៅរបស់សមាគមនេះផង និងប្រើប្រាស់ថវិកាឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតឲ្យចំទិសដៅផង។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់ស្ថាប័នជំនាញឲ្យរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការផ្តល់ថវិកាលើកទឹកចិត្តដល់ជនពិការក្នុងការប្រកួតប្រជែនមុខជំនាញ ដែលក្រសួងទទួលបានគោលការណ៍ឲ្យរៀបចំរួចហើយ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានទទួលជួបយុវជនពិការជ័យលាភីពីការប្រកួតប្រជែងជំនាញផ្នែកព័ត៌មានវិទ្យាពីប្រទេសកូរ៉េ កន្លងទៅនេះ។

កិច្ចប្រជុំក៏បានឯកភាពទៅលើសេចក្តីព្រាង សេចក្តីសម្រេច នៃការបង្កើតគណៈកម្មការនីតិកម្ម និងគណៈកម្មការរបាយការណ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបានឯកភាពដាក់បញ្ចូលសមាសភាពក្រសួង ស្ថាប័នមួយចំនួនបន្ថែមទៀត និងស្នើអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ពិនិត្យបន្ថែមលើទម្រង់នៃសេចក្តីព្រាងនេះ ដើម្បីឲ្យស្របតាមការគោលការណ៍ណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

20150716-155447.jpg

20150716-155453.jpg

20150716-155458.jpg

20150716-155501.jpg

20150716-155506.jpg

...

20150716-155511.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print