ភ្នំពេញ, ដើម្បីឱ្យការប្រើប្រាស់ប័ណ្ណឥណទានកាន់តែមានសុវត្ថិភាព និងដើម្បីចៀសវាងកុំឱ្យមានការប៉ះពាល់គ្នាច្រើននោះ ក្រុមហ៊ុន Mastercard និង Samsung បានសហការគ្នាដើម្បីប្រើក្រយ៉ៅម្រាមដៃជាមួយប័ណ្ណឥណទាន ក្នុងការបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ នេះបើតាមការបញ្ជាក់ឲ្យដឹង, ពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិជ្ជានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
បច្ចេកវិទ្យានេះគឺវាស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យាដែលក្រុមហ៊ុន Mastercard បានបង្ហាញកាលពីឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែសម្រាប់ពេលនេះ ពួកគេនឹងប្រើបច្ចេកវិទ្យា Samsung’s System LSI Business ដែលជាឈីបថ្មីមកពីក្រុមហ៊ុន Samsung។
ក្រុមហ៊ុនទាំងពីរក៏បានបន្ថែមទៀតថា ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះអ្នកប្រើប្រាស់មិនចាំបាច់វាយបញ្ចូលលេខសម្ងាត់(PIN) ឬចុះហត្ថលេខានៅពេលប្រើប្រាស់ប័ណ្ណឥណទាន ជាងនេះទៅទៀតវាអាចប្រើបាន គ្រប់កន្លែងដែលទទួលប័ណ្ណឥណទាន Mastercard។ ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណទានជាមួយនឹងបច្ចេកវិជ្ជាថ្មីនេះនៅកូរ៉េខាងត្បូងនាចុងឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Mastercard ក៏ធ្លាប់បានសាកល្បងដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណទានជាមួយនឹងក្រយ៉ៅម្រាមដៃ ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងឆ្នាំ២០១៧ ហើយកាលពីឆ្នាំកន្លងទៅក្រុមហ៊ុនក៏បានសហការជាមួយនឹងក្រុមហ៊ុន IDEMIA និងក្រុមហ៊ុន MatchMove នៅប្រទេសសង្ហបុរីដើម្បីសាកល្បងប្រើបច្ចេកវិទ្យានេះ ដែលគេឱ្យឈ្មោះថា F.CODE Easy៕
ដោយ, សិលា