ស្រ្តី១នាក់ប្រើល្បិចបំភាន់ភ្នែកប្ដី ផ្អើលអស់សមត្ថកិច្ចខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញក្រោមឱវាទ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់)ពេញមួយថ្ងៃ រហូតតាមទាន់ជាន់កែងជាឧបាយកលរបស់ស្រ្តី១នាក់ ដើម្បីបំភាន់ភ្នែកប្ដីហ៊ានប្រឌិតរឿងមិនគួរធ្វើ ខណៈដឹងខ្លួនឯងជាមនុស្សកញ្ជើធ្លុះ ។

 ករណីលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ជុំវិញករណីលួចមានស្ថានទម្ងន់ទោស(ប្លន់យកលុយ និងមាស)ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង០០នាទីទាបភ្លឺ ថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ កោរ វ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ.ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

  លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា បន្ទាប់ធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ឃើញថា បង្កហេតុឡើងបណ្ដាលឲ្យមានការការភ្ញាក់ផ្អើល ដោយស្រ្តីឈ្មោះ សារី យុន្នី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះដូចបានរៀបរាប់ខាងលើ និងកូនប្រុស១នាក់ក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិ.ឃុំកើតហេតុ ស្រ្តីបង្កហេតុ(សារី យុន្នី)បានធ្វើសកម្មភាពនៅពេលប្ដីចេញទៅរកសុីបាត់ ដោយស្រ្តីរូបនេះខ្ញៅខ្លួនឯងរយះដាច់សាច់ដៃសងខាងចេញឈាម យកខ្សែចងជើងទាំង២ ចងដៃឡើងលើទាំង២ និងយកក្រមារុំមុខ នេះបើយោងតាមការបញ្ជាក់ពីកូនប្រុស និងប្អូនប្រុសរបស់គាត់ ដែលបានមកជួយកាត់ចំណងផ្ទាល់ បន្ទាប់កូនប្រុសក្រោកពីដំណេកឃើញស្រ្តីជាម្ដាយមានសភាពជាប់ចំណង រួចរត់ទៅហៅពូមានផ្ទះនៅក្បែរគ្នាមកជួយ និងបញ្ជូនទៅសង្រ្គោះ ដោយស្រ្តីរូបនេះអះអាងថាមានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ មកហៅប្ដីរបស់ខ្លួនឲ្យជូនទៅមើលម្ដាយឈឺនៅមន្ទីរពេទ្យ ខ្លួនឮដូច្នេះក៏បានបើកទា្វរ ស្រាប់តែពួកវាសម្រុកចូលធ្វើសកម្មភាពមកលើរូបគាត់ រួចរើ កកាយយកលុយអស់ចំនួន១.២០០ដុល្លារអាមេរិក ចិញ្ចៀនមាសទម្ងន់១ជី ខ្សែដៃផ្លាទីនទម្ងន់១ជីកន្លះ ការពិតរឿងរ៉ាវទាំងអស់ស្រ្តី(សារី យុន្នី)គាត់ប្រឌិតឡើងដើម្បីបំភាន់ភ្នែកប្ដី ព្រោះគាត់ចាយវាយអស់ដោយមិនដឹងមុខ(ខ្លាចប្ដីបន្ទោស) ។

 លោក ឧត្ដមសេនីយ៍ត្រី បន្តទៀតថា ស្រ្តីបង្កហេតុ(សារី យុន្នី)បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ហើយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាត្រឹមត្រូវ កុំឲ្យពួកគាត់ឈ្លោះប្រកែកគ្នាបញ្ហាខាងលើតទៅទៀត ៕

          

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print