ហេតុផលល្អៗ១០ យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

ចែករំលែក៖

ដោយសារតែរឿងព្រេង រឿង និ ទាន បានផ្តោតសំខាន់រឿងរ៉ាវប្លែកៗជាច្រើនក្នុងសង្គម និងប្រវត្តិផ្សេងៗសម្រាប់មនុស្ស សត្វ និងធម្មជាតិនោះ បានធ្វើឲ្យមនុស្សមានភាពស្រមើស្រមៃទៅនឹងសាច់រឿងនីមួយៗហាក់ដូចជារឿងពិតនិងមានសីលធម៌។ ដោយហេតុនេះហើយ បានជាអ្នកស្រាវជ្រាវគិតថា វាជាការចូលរួមចំណែកបណ្តុះផ្នត់គំនិតមនុស្សមួយចំនួនឲ្យពិចារណាល្អិតល្អន់ផងដែរ។ជាមួយនេះគេគាប្បីអំណានរឿងព្រេង រឿងនិទាន ដល់កុមារបានស្តាប់ឬឲ្យគេអានផ្ទាល់ប្រយោជន៍ឲ្យគេបានយល់និងពិចារណាតាមភាពស្រមើស្រមៃនៃសាច់រឿង។
អ្នកស្រាវជ្រាវគិតថា ការអប់រំ​កូន​ និង​បង្ហាត់បង្រៀន​កូន​ឱ្យ​ធំឡើង​ក្លាយជា​មនុស្ស​មាន​សីលធម៌​ល្អ​ មាន​សុជីវធម៌​ ចេះ​ជួយ​យកអាសា​អ្នកដទៃ​ និង​ចេះ​បែងចែក​រំលែក​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ អាណាព្យាបាល​ ឬឪពុកម្ដាយ​អាច​ធ្វើ​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការ​អាន​សៀវភៅរឿង​ព្រេង​ ឬរឿងនិទាន​អប់រំ​ឱ្យ​កូន​ស្ដាប់​ និង​ដឹង​ ដែ​លប​ច្ចុ​ប្បន្ននេះ​មាន​ច្រើន​សន្ធឹក​សន្ធាប់​ទាំង​រឿងនិទាន​បែប​អប់រំ​របស់​បរទេស​ និង​របស់​ខ្មែរយើង​។ ខាងក្រោម​នេះ​គឺ​ ហេតុ​ផលល្អៗ​ 10យ៉ាងដែល​ក្មេង​ត្រូវតែ​ស្តាប់​ និង​អាន​រឿងព្រេង​និទាន​ ៖

១. រឿងនិទាន​ជា​ថ្នាល​បណ្តុះ​សីលធម៌​នៅ​ក្នុង​ជីវិត​​ ក្នុង​គ្រប់​ជាតិសាសន៍​ គ្រប់​ភាសា​ ដូចជា​របស់​បរទេស​ ក៏​មានរឿង​និទាន​ អុី​សុប​(Aesop’s​ Fables​ រឿងនិទាន​បែប​អប់រំ​ប្រៀនប្រដៅ​) ដែល​កើតមានឡើង​ជាង​ 3ពាន់​ឆ្នាំ​មក​ហើយ​ ឯរបស់​ខ្មែរយើង​ក៏​មានរឿង​ព្រេង​និ​ទាន​ចាស់​ៗល្អ​ៗជាច្រើន​ផង​ដែរ​ ដូចជា​រឿង​ មា​យើង​ មហាសេដ្ឋី​ និង​អ្នកស្រែ​-ល- ដែល​សុទ្ធតែ​ប្រៀនប្រដៅ​ពី​សីល​ធម៌​ល្អ​ៗ និង​ការ​ចេះ​ជួយគ្នា​ទាំងអស់​។
២. រឿងនិទាន​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា​ មិនមែន​ជា​ការ​បង្រៀន​ ដូចជា​រឿង​ រាជសីហ៍​ និង​សត្វ​កណ្តុរ​ ជាដើម​ គឺជា​ឧទាហរណ៍​យ៉ាង​ច្បាស់លាស់​ក្នុង​ការរស់នៅ​ ដែល​យើង​តែងតែ​ប្រដៅ​ក្មេង​ៗថា​ មនុស្ស​មាឌធំ​ត្រូវ​ចេះ​ជួយ​មនុស្ស​មាឌតូច​ អ្នកមាន​ត្រូវ​ចេះ​ជួយ​អ្នកក្រ​។ តែ​រឿង​នេះ​ក៏បាន​ប្រៀនប្រដៅ​ថា​ មនុស្ស​មាឌតូច​ក៏​ត្រូវ​ចេះ​ជួយ​យឹតយោង​មនុស្ស​មាឌធំ​ក្នុង​លក្ខខណ្ឌ​ដែល​អាច​ជួយ​បាន​ផង​ដែរ​។

៣. រឿងនិទាន​ គឺ​ជា​អ្វី​ៗច្រើនយ៉ាង​នៅ​ក្នុង​ជីវិត​ មិនមែន​គ្រាន់តែ​ជា​ការ​ស្រមៃ​មិនមែន​គ្រាន់តែ​ជា​ការ​នឹកឃើញ​ឡើយ​ តែ​ជា​រឿង​ពិត​ផ្ទាល់​របស់​ជីវិត​។ រឿងនិទាន​ គឺជា​ស្ពាន​មួយ​សំខាន់ណាស់​ និង​ល្អប្រពៃ​ណាស់​ ដែល​មនុស្ស​ធំ​តភ្ជាប់​ទៅដល់​កុមារ​ ធ្វើ​ឱ្យ​មនុស្ស​ធំ​អាច​ចូល​ទៅ​នៅក្នុង​ដួងចិត្ត​របស់​កុមារ​បាន​យ៉ាង​ប៉ិនប្រសប់​។
៤. រឿងនិទាន​បង្រៀន​ពិ​សីលធម៌​រស់នៅ​ រឿងនិទាន​ជាច្រើន​ បាន​និយាយ​អំពី​ភាពជា​មនុស្ស​ថា​ ត្រូវតែ​ធ្វើជា​មនុស្ស​រឹងប៉ឹង​ ត្រូវ​ធ្វើជា​អ្នកនាំ​មុខ​ក្នុង​ការដឹកនាំ​ជីវិត​ខ្លួនឯង​ និង​អ្នកឯទៀត​ឆ្ពោះទៅ​រក​ជីវិត​ដែល​ល្អ​ប្រសើរ​ឡើង​។ ដូចជា​រឿង​ “ខ្លាឃ្មុំ​ឈឺធ្មេញ​” បាន​បង្រៀន​យើង​ឱ្យ​ដឹង​ថាបើ​បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៏​នឹង​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ ឬដូចជា​រឿង​ “កូន​ដំរី​ចិត្តល្អ​” បាន​បង្រៀន​កុមារ​ៗឱ្យ​ដឹង​ថា​ បើ​យើង​ជា​ក្មេង​ខូចខិល​អាក្រក់​យើង​នឹង​គ្មាន​មិត្តភក្តិ​ឡើយ​។ សរុបទៅ​ រឿងនិទាន​ទាំងអស់​សុទ្ធតែ​បង្រៀន​អំពី​ សីលធម៌​ និង​ចរិយា​ធម៌​ទាំងអស់​។
៥. រឿងនិទាន​ខ្លះ​និយាយ​ពី​រឿង​វប្បធម៌​ និង​ការរស់នៅ​​ ជា​ការ​បើកចំហ​ពិភពលោក​នៃ​ការ​រៀន​យល់ដឹង​ដល់​កុមារ​ ធ្វើ​ឱ្យ​កុមារ​ដឹង​ថា​ នៅ​ទីណា​ មាន​វប្បធម៌​រស់នៅ​របៀប​ម៉េច​ជាដើម​។
៦. រឿងនិទាន​បង្រៀន​ពីការ​រស់នៅ​ក្នុង​សង្គម​ ដូចជា​ឧទាហរណ៍​ក្នុង​រឿង​ “ទន្សាយ​ផ្អើល​ផ្លែ​ព្នៅ​” ជាដើម​៖ សង្គម​បច្ចុប្បន្ន​ ជា​សង្គម​ផ្អើល​ផ្លែ​ព្នៅ​ មិនបាន​ទៅ​មើល​ចំណុច​កើតហេតុ​ដោយ​ផ្ទាល់​ថា​ តើ​វា​មានរឿង​អ្វី​កើត​ឡើង​នោះ​ទេ​ តែ​រត់​តាម​គេ​តាម​ឯង​សិន​ផ្អើល​ទៅ​សិន​ រងគ្រោះ​ថ្នាក់​ទៅ​សិន​ រួច​បាន​មក​ប្រាប់​គ្នា​ជា​ក្រោយ​។ល។ រឿង​នេះ​វា​ស្ថិតនៅ​លើ​ថា​ តើ​អាណាព្យាបាល​អាចយ​កឧត្តមគតិ​របស់​រឿង​មក​ប្រៀន​ប្រដៅ​ក្មេង​ៗបាន​ឬក៏​អត់​?។

៧. រឿងនិទាន​សាង​សម្ព័ន្ធភាព​ក្នុង​ក្រុម​គ្រួសារ​​ ទោះជា​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន​សាង​នូវ​សម្ព័ន្ធភាព​ដ៏​ល្អ​រវាង​ឪពុកម្ដាយ​ និង​កូន​ ឬបង​និង​ប្អូន​បាន​មួយ​កម្រិត​ហើយ​មែន​ក៏ដោយ​ តែ​បើ​យើ់ង​មានសាច់​រឿង​ដែល​ស្តាប់​ទៅ​ហើយ​មាន​អារម្មណ៍​រីករាយ​ មាន​ពាក្យសម្ដី​ពី​រោះ​ៗ នោះ​វា​នឹង​រឹតតែ​អូសទាញ​ចិ​ត្ត​កុមារ​ៗក្នុង​ការ​ស្តាប់​កាន់​តែ​ខ្លាំង​ឡើង​ទៀត​។
៨. ឧបមា​ថា​ អ្នកម្តាយ​ម្នាក់​មានរឿង​និ​ទាន​អុី​សុប​(Aesop’s​ Fables​)នៅក្នុង​ចិត្ត​ គាត់​នឹង​បង្រៀន​កូន​បាន​គ្រប់​រឿង​ថា​ នឹង​ត្រូវ​រស់នៅ​យ៉ាងម៉េច​? ត្រូវ​ធ្វើខ្លួន​យ៉ាងម៉េច​ឱ្យ​មាន​វិន័យ​? គឺ​អាច​និយាយ​រឿងនិទាន​បាន​ជា​រឿយ​ៗ មិន​ចាំបាច់​អង្គុយ​ប្រដៅ​ម្តង​មួយ​ដំណាក់កាល​ ឬម្ដង​មួយ​រឿង​ឡើយ​។

...

៩. ពេល​និយាយ​រឿងនិទាន​ឱ្យ​កូន​ស្ដាប់​ កូន​នឹង​នៅ​នែបនិត្យ​ជាមួយ​អ្នកម្តាយ​ មុន​ពេល​គេង​ គឺជា​អំឡុង​ពេល​ដ៏​អស្ចារ្យ​ណាស់​ ព្រោះ​ជា​ពេល​វេ​លា​សប្បាយ​ៗ អ្នកម្តាយ​បាន​និយាយ​ជាមួយ​កូន​ បាន​និទានរឿង​ បាន​ចាប់ដៃ​កូន​ អោប​កូន​ខណៈ​ពេល​និទានរឿង​ ហើយ​កូន​ក៏​នឹង​បានដឹង​ពី​សេចក្តី​ស្រឡាញ់​ដែល​ម្តាយ​ផ្តល់​ឱ្យ​នោះ​ទៀតផង​។
១០. ការ​និយាយ​រឿងនិទាន​ គឺជា​ការ​សាង​សម្ព័ន្ធភាព​ដ៏​ល្អ​មួយ​នៅក្នុង​ក្រុម​គ្រួសារ​ ជា​ការ​ចំណាយ​ដើមទុន​តិច​បំផុត​ តែ​បាន​ទទួលផល​ប្រយោជន៍​ខាង​បញ្ញា​ច្រើន​បំផុត​ ដូច្នេះ​លោកឪពុក​ អ្នកម្តាយ​គួរ​ចំណាយពេល​និទានរឿង​ឱ្យ​កូន​ស្តាប់​ ព្រោះ​អ្វី​ដែល​ទទួល​បាន​នោះ​វា​ច្រើនលើស​លប់​អស្ចារ្យ​ណាស់​ ។អ្នកគ្រូ​ ឆវី​ ក៏​ជឿ​ថា​ អុីចឹង​ដែរ​…៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print