ចែករំលែកបន្ទាន់! ពលករបរទេសទាំងអស់ ក្នុងខេត្តឃ្យ៉ុងគី ត្រូវតម្រូវឱ្យទៅធ្វើតេស្តកូវីដជាបន្ទាន់ ឱ្យបានមុនថ្ងៃទី ២២ មីនា បើល្មើសនឹងត្រូវពិន័យប្រាក់ធ្ងន់ធ្ងរណាស់

ចែករំលែក៖

កូរ៉េខាងត្បូង៖ គេហទំព័រ(ខ្មែរនៅកូរ៉េ News)កាលពីម្សិលមិញបានផ្សាយថា,អាជ្ញាធរកូរ៉េខាងត្បូងប្រកាសនៅថ្ងៃនេះ តម្រូវឱ្យពលករបរទេសទាំងអស់ រួមទាំងពលករខ្មែរយើងផង នៅក្នុងខេត្តឃ្យ៉ុងគី ដើម្បីទៅធ្វើតេស្តជំងឺកូវីដ-១៩ គ្រប់គ្នាជាកំហិតឱ្យបានមុនថ្ងៃទី ២២ ខែមីនានេះ ជាវិធានការថ្មីក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ដែលឆ្លងចេញពីសហគមន៍ ឬទីតាំងការងារដែលមានពលករបរទេសកកកុញ ដែលអជ្ញាធរកូរ៉េបានដាក់ចេញ។

គេហទំព័រដដែលបានដកស្រង់ តាមការផ្សព្វផ្សាយក្នុងសារព័ត៌មាន Korea Times របស់កូរ៉េ បទបញ្ជារដ្ឋបាលនេះត្រូវបានដាក់ចេញដោយរដ្ឋបាលខេត្តឃ្យ៉ុងគី ដែលតម្រូវឱ្យពលករបរទេសទាំងអស់ក្នុងខេត្តនេះ ចំនួនដល់ជាង ៨៥,០០០នាក់ ត្រូវទៅធ្វើតេស្តជំងឺកូវីដ-១៩ ឱ្យបានមុនថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១នេះ ដែលរាល់ការធ្វើតេស្តទាំងអស់មិនគិតថ្លៃនោះទេ។ ​បទបញ្ជានេះត្រូវបានជូនដំណឹងផ្ទាល់ទៅកាន់គ្រប់និយោជកកូរ៉េជាង ២៥,០០០ ទីតាំង ដែលមានពលករបរទេសធ្វើការជាមួយ។

បើតាមការបញ្ជាក់របស់អភិបាលខេត្តឃ្យ៉ុងគី វិធានការនេះដាក់ចេញដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ដោយស្ងាត់ស្ងៀមរវាងសហគមន៍ពលករបរទេស ដែលងាយនឹងឆ្លងទៅគ្នាបន្តបន្ទាប់នោះ។ អជ្ញាធរក៏បានបញ្ជាក់ដែរថា ក្រៅពីពលករបរទេសស្របច្បាប់ទាំងអស់ជាង ៨៥,០០០នាក់ ជនបរទេសដែលរស់នៅកូរ៉េក្នុងខេត្តឃ្យ៉ុងគីនេះ ដោយខុសច្បាប់ក៏អាចចេញទៅធ្វើតេស្តកូវីដបានដោយមិនគិតថ្លៃផងដែរ​ ហើយអជ្ញាធរនឹងមិនធ្វើការចាប់ឃាត់ទុក ករណីដែលអ្នកខុសច្បាប់ចូលខ្លួនមកធ្វើតេស្តនោះទេ។

ក្នុងនោះដែរ អជ្ញាធរបញ្ជាក់ថារាល់ពលករបរទេសទាំងអស់ដែលបានធ្វើតេស្តរួចរាល់ក្រោយថ្ងៃទី ១៥ ខែកុម្ភៈកន្លងមក គឺមិនចាំបាច់អនុវត្តទៅតាមវិធានការបទបញ្ជាថ្មីនេះទៀតនោះទេ។ ក្នុងករណីដែលពលករបរទេសរូបណា ល្មើសមិនអនុវត្តទៅតាមបទបញ្ជាកំណត់ នឹងរងការផាកពិន័យធ្ងន់ធ្ងររហូតដល់ ២លានវ៉ុន (ប្រមាណ ១,៧៧០ ដុល្លារ) ឬអាចដល់៣លានវ៉ុនផង ហើយអាចនឹងត្រូវអជ្ញាធរចាប់មកធ្វើតេស្ត ដោយឱ្យបង់ថ្លៃពេញលេញ រួមនឹងចំណាយផ្សេងៗទៀតដែលអជ្ញាធរត្រូវចំណាយក្នុងការស៊ើបអង្កេត នាំខ្លួនអ្នកល្មើសទាំងនោះទៀតផង។

តាមទិន្នន័យកន្លងមក ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ មានជនបរទេសដល់ទៅ ១,៧៤៧ នាក់ហើយ ត្រូវបានធ្វើតេស្តរកឃើញថាវិជ្ជមានកូវីដក្នុងប្រទេសកូរ៉េ ហើយក្នុងនោះ ខេត្តឃ្យ៉ុងគីមានដល់ទៅ ៤៧.១% ឯណោះ។

កាលពីថ្មីៗនេះ នៅតំបន់តុងទូឈុន ខេត្តឃ្យ៉ុងគីនេះដែរ គេរកឃើញមានករណីឆ្លងកូវីដសហគមន៍ក្នុងចំណោមពលករបរទេសដែលមានដល់ ១៥១ នាក់ រកឃើញវិជ្ជមាន ក្នុងអំឡុងពេល២សប្តាហ៍ចុងក្រោយនេះ។ ហើយកាលពីខែមុន នៅក្នុងរោងចក្រផ្លាស្ទិកមួយ នៅក្នុងតំបន់ណាមយ៉ុងជូ ខេត្តឃ្យ៉ុងគី ដែលមានពលករបរទេសឆ្លងកូវីដដល់ទៅ ១២៤ នាក់ ដែលមានទាំងពលករខ្មែរយើងផងដែរ។

ដោយសារករណីចម្លងជាសហគមន៍បន្តបន្ទាប់នេះហើយ អជ្ញាធរកូរ៉េបានធ្វើការស៊ើបអង្កេត និងចុះពិនិត្យទីតាំងការងារជាបន្តបន្ទា​ប់ជាពិសេសទីតាំងការងារដែលមានមនុស្សច្រើន និងមានហានិភ័យខ្ពស់លើការចម្លងជំងឺកូវីដជាសហគមន៍៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print