ក្រសួងការពារជាតិថៃ៖​ ដាក់ចេញផែនការកាត់បន្ថយឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៌

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៨ ខែមីនា​ ឆ្នាំ​២០២១​ និយាយថា​​ ក្រសួងការពារជាតិថៃ បានដាក់ចេញផែនការកាត់បន្ថយឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៌ឡើងទៅឱ្យបាន២៥ភាគរយ ត្រឹមឆ្នាំ២០២៩។ មន្ត្រីយោធាថៃ​ ដែលមានឋានន្តរសក្តិចាប់ពីឧត្តសេនីយ៍ឡើងទៅមានចំនួន១,៤០០នាក់ ដែលជាចំនួននេះ មិនប្រែប្រួលឡើយក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយ។

កាសែតបាងកកប៉ុស្តិ៍​ បន្តថា​ ក្នុងចំណោមឧត្តមសេនីយ៍ទាំង១,៤០០ ក្នុងជួរកម្លាំងប្រដាប់អាវុធថៃ កងទ័ពជើងគោកមានឧត្តមសេនីយ៍ចំនួន៤០០នាក់ កងទ័ពជើងទឹកមានឧត្តមសេនីយ៍ចំនួន២៥០នាក់ កងទ័ពអាកាសមានឧត្តមសេនីយ៍១៩០នាក់ អគ្គបញ្ជាការដ្ឋានកងទ័ពមានឧត្តមសេនីយ៍២៥០នាក់ ចំណែកការិយាល័យលេខាធិការអចិន្រ្តៃយ៍នៃក្រសួងការពារជាតិមានឧត្តមសេនីយ៍៣០០នាក់។

បេីតាមអ្នកនាំពាក្យរងនៃអគ្គបញ្ជាការដ្ឋានកងទ័ពថៃ​ លោកឧត្តមសេនីយ៍ទោ Teerapong Pattamasingh Na Ayuthaya​ ជាមួយចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ​ លោកក៏បានដាក់ចេញផែនការកាត់បន្ថយចំនួនមន្ត្រីជាន់ខ្ពស់ឱ្យបាន២៥ភាគរយនៅឆ្នាំ២០២៩ ខាងមុខ។ លោកបន្តថា​ ជាជំហានដំបូង ក្រសួងការពារជាតិថៃ នឹងកាត់បន្ថយឧត្តមសេនីយ៍ឱ្យបាន៥ភាគរយទៅ១០ភាគរយ។

សូមជម្រាបថា​ ដើម្បីសម្រេចគោលបំណងនេះបាន ថ្នាក់ដឹកនាំយោធាសម្រេចកាត់បន្ថយការតែងតាំងអ្នកជំនាញ អ្នកឯកទេស និងអ្នកជំនាញពិសេស ដែលជាទូទៅទទួលបានឋានន្តរសក្តិជាឧត្តមសេនីយ៍។ បន្ថែមពីនេះមន្ត្រីយោធាដែលចូលនិវត្តក៏នឹងមិនត្រូវជំនួសឡើយ។ ទាក់ទិននឹងបញ្ហានេះដែរ​ ក្រសួងការពារជាតិថៃ ក៏សម្រេចផ្អាកការបង្កើតអង្គភាពថ្មីដែលមានឧត្តមសេនីយ៍ផ្កាយពីរជាអ្នកទទួលបន្ទុក ចំណែកអង្គភាពដែលមានការងារជាន់គ្នានឹងត្រូវរំសាយចោល។

ដោយឡែក​ចំពោះ​ការកាត់បន្ថយការតែងតាំងអ្នកជំនាញ អ្នកឯកទេស និងអ្នកជំនាញពិសេស ត្រូវបានចាត់ទុកថាជាចំណុចស្នូលនៃការកាត់បន្ថយចំនួនកងទ័ព និងកំណែទម្រង់វិស័យការពារជាតិ។ ជាទូទៅ តំណែងនេះពុំមានការងារច្បាស់លាស់ឡើយ ហើយត្រូវផ្តល់ជូនទៅមន្ត្រីយោធាជាន់ខ្ពស់ដែលមិនទទួលបានតំណែងសំខាន់ៗ ឬពុំទទួលបានការដំឡើងឋានន្តរសក្តិ។ តំណែងទាំងនេះទទួលបានប្រាក់ខែប្រមាណ៦៥០ដុល្លារ ទៅ៩៧៥ដុល្លារក្នុងមួយខែផងដែរ។

ចំណែក​ផែនការខាងលើនេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ​លោក Kongcheep Tantravanich បានលើកឡើងថា ការកាត់បន្ថយចំនួនកងទ័ពចាប់ផ្តើមតាំងតែពីខែមិថុនាឆ្នាំ២០២០មកម្ល៉េះ។ គ្រានោះគណៈរដ្ឋមន្ត្រីថៃអនុញ្ញាតឱ្យជនស៊ីវិលអាចបម្រើការងារក្នុងក្រសួងការពារជាតិ។​ ខណៈដែល​ជនស៊ីវិលដែលបម្រើការដូចជាផ្នែកច្បាប់ ពេទ្យ គណនេយ្យ និងការងាររដ្ឋបាល នឹងមិនទទួលបានឋានន្តរសក្តិយោធាឡើយ៕ដោយ​៖ស​ តារា​

អ្នកនាំពាក្យក្រសួងការពារជាតិ​លោក Kongcheep Tantravanich​

រូបភាព​(Bangkok Post)

រូបភាព​៖ឯកសារ​ មន្ត្រីយោធាថៃ​មានឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៌

...

រូបថត​៖​ Bangkok Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print