ខេត្តតាកែវ ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងនគបាលស្រុកព្រៃកប្បាស ខេត្តតាកែវ បានឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ នៅត្រង់ចំណុចភូមិកំពង់រាប ឃុំកំពែង ស្រុកព្រៃកប្បាស បន្ទាប់ពីក្រុមជនជាតិចិនទាំងអស់នេះ បានជិះរថយន្តឈ្នួលម៉ាកសាំយ៉ុង ១៥កៅអីមួយគ្រឿងមានគ្នា ៩នាក់ ក្នុងគោលបំណងចូលមកទឹកដីខេត្តតាកែវ ហើយឆ្ពោះទៅរាជធានីភ្នំពេញ។ បើនៅខេត្តព្រះសីហនុនោះវិញ រដ្ឋបាលខេត្តនិងបណ្តេញស្ត្រីជនជាតិចិន ទៅប្រទេសដើមវិញ ក្រោយពីធ្វើចត្តាឡីស័ក ១៤ថ្ងៃហើយ បន្ទាប់ពីរូបគេ បានគេចចេញពីខេត្តព្រះសីហនុ ទាំងយប់ តាមឡានតាក់ស៊ី ឡានដឹកទំនិញ មកដល់ស្រុកកំពង់សីលា ត្រូវឃាត់ខ្លួនបាននោះ ។
សូមបញ្ជាក់ថា, បើតាមលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស់ បានថ្លែងប្រាប់សារព័ត៌មាន ឱ្យដឹងថា ជនជាតិចិនទាំងអស់នេះបានគេចខ្លួនពីតំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ពីការធ្វើចត្តាឡីស័ក ចូលមកខេត្តតាកែវ នៅពេលដែលតំបន់ជ្រៃធំរបស់ខេត្តកណ្ដាល ត្រូវបានរកឃើញជនបរទេសឆ្លងជំងឺកូវីដ-១៩ មួយចំនួន។
លោកអភិបាលស្រុក បានឱ្យដឹងថា , បន្ទាប់ពីធ្វើការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់ កម្លាំងនគបាលស្រុកព្រៃកប្បាស បានធ្វើការជូនដំណឹងដល់មន្រ្តីសុខាភិបាល និងបានដឹកជនជាតិចិនទាំងអស់នោះមកដាក់ឲ្យធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យភូមិតាកែវដែលស្ថិតនៅក្នុងក្រុងដូនកែវ។
ដោយឡែកស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់សារព័ត៌មាន ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានបន្តសួរនាំជនជាតិចិនទាំងនេះ ដើម្បីឲ្យដឹងលំអិត និងចាត់វិធានការតាមនីតិទៀត។
គួរបញ្ចាក់ថា នៅព្រឹកថ្ងៃទី៩ ខែមីនានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចេញលិខិតបញ្ជាឱ្យអភិបាលស្រុកកោះធំ បិទកាស៉ីណូចំនួន ៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំនេះ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានថ្លៃប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទយ៉ាងដូច្នេះថា, តាមពិតជនជាតិចិន ដែលនគរបាលខេត្តតាកែវឃាត់ខ្លួននោះ ពួកគេមានគ្នាសរុបចំនួន ១២នាក់ ហើយក៏មិនមែនគេចចេញពីកន្លែងស្រុកកោះធំខេត្តកណ្ដាលនោះឡើយ។
លោកស្នងការបានបន្តថា, ក្នុងករណីនេះ នគរបាលខេត្តកណ្ដាលក៏ឃាត់ខ្លួនបានជនជាតិចិន ៣នាក់ ដែលតាមការសាកសួរទៅ ពួកគេថាមកជុំជាមួយនឹងក្រុមចិន ដែលនគរបាលខេត្តតាកែវឃាត់ខ្លួនបាន ។ ក្រុមចិនទាំងនោះបានបញ្ជាក់ថា, ខ្លួនមកពីប្រទេសចិន ឆ្លងចូលប្រទេសវៀតណាម ហើយបន្តចូលទឹកដីប្រទេសកម្ពុជា ប៉ុន្តែមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ថាខ្លួនចូលនៅតំបន់ណាពិតប្រាកដ ។
លោកស្នងការខេត្តកណ្ដាលបានបញ្ជាក់ថា, ករណីនេះ អាចមានអ្នករត់ការនាំផ្លូវ ប៉ុន្តែកំពុងស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ៕
ដោយ, សិលា