ក្រោយ​បញ្ហាស្វាយគ្មានទីផ្សារ! ពេល​នេះ​ទីផ្សារ​ចិន និងក្រសួងកសិកម្មកម្ពុជា ពិភាក្សាគ្នាបញ្ចប់លើនីតិវិធីក្នុង​ការនាំ​ស្វាយចេញទៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​ វេង​ សាខុន​ បានបង្ហើបដំណឹងល្អនេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួម​អបអរ​សាទរ និងសូមជូនពរដល់ ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីមន្រ្តីអគ្គរដ្ឋបាល​គយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងជួបពិភាក្សាគ្នា និងធ្វើត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធទី១០ ខែមីនា​ ឆ្នាំ​២០២១នេះ​ ឲ្យទទួល​បាន​ជោគជ័យ​ជាស្ថាពរ ដើម្បីឈានទៅដល់ការនាំចេញផ្លែស្វាយ​ស្រស់ជាផ្លូវ​ការចេញពីកម្ពុជា ទៅកាន់ប្រទេសចិន» ។

ជាក់ស្ដែង​ទីផ្សារ​ចិន និងក្រសួងកសិកម្មកម្ពុជា ទើប​តែបញ្ចប់ការពិភាក្សាគ្នាលើនីតិវិធីក្នុង​ការនាំ​ស្វាយចេញទៅប្រទេសចិន នៅក្នុង​ពេល​ខាងមុខនេះ។​ ខណៈដែល​បញ្ហាស្វាយគ្មានទីផ្សារ​ ដែលកំពុងចោទដល់ចំណូលអ្នកដាំទំនងអាចដោះ​ស្រាយ​បានមួយចំនួននៅពេលនេះ ដោយប្រទេសចិន ។

រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ​ បន្ថែមថា យោងទៅតាមការពីគ្រោះយោបល់គ្នាកន្លងមក តាមរយៈសារ​អេឡិច​​ត្រូនិក និងប្រព័ន្ធវីដេអូពីចម្ងាយ គឺក្រុមការងារទាំងពីរបានសម្រេច​ជ្រើសយក​កសិដ្ឋានស្វាយចំនួន ៣ មកត្រួតពិនិត្យ ។ ជាមួយគ្នានេះ​លោករដ្ឋមន្រ្តី​ បន្ថែមថា​ ក្រុមហ៊ុនទាំងបីនោះ៖ មានកសិដ្ឋានស្វាយរបស់ក្រុមហ៊ុន UCDL Development, កសិដ្ឋានស្វាយរបស់​ក្រុមហ៊ុន Angkor Harvest, និងកសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Bamin Agriculture Hi-Tech Development ។

ជុំវិញបញ្ហានេះដែរ​ កសិករជាអ្នកដាំស្វាយនៅក្នុងប្រទេសកម្ពុជា​ មា​នទាំងកសិករធម្មតារហូតដល់ឧកញ៉ា ក៏បានលើកឡើងដែរថា​ ស្វាយឆ្នាំនេះគ្មានទីផ្សារនោះឡើយ ។ ដោយសារស្វាយឲ្យ​ផលស្របគ្នា ហើយនៅច្រើនកន្លែង កសិករបានបេះស្វាយចាក់ជាគំនរបង្ហោះ​លើបណ្តាញទំនាក់ទំនងសង្គម ខ្លះយកគនរស្វាយមកក្រាលដេកពីលើ ខ្លះបេះស្វាយឲ្យសត្វស៊ី ។

ដោយឡែក​លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលសល់ស្វាយ ៣០០តោនគ្មាន​អ្នកទិញបានបេះស្វាយឲ្យសត្វចិញ្ចឹមរបស់លោកស៊ី​ ហើយក៏បានបញ្ជាក់ដែរថា៖ «ចម្ការស្វាយ​របស់​ខ្ញុំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​មានចំនួន​ ៥០.០០០ដើម ​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជា​ ៣០០តោន​(បីរយតោន) ជារាង​រាល់ឆ្នាំ​ សម្រាប់ពេលនេះសត្វ​របស់​ខ្ញុំ​មិនអាចស៊ីមិនអស់ទេមាន​ចំនួន​​ច្រើន​ខ្លាំង​ណាស់​ ។ លោកឧកញ៉ា​ បន្ថែមថា ឆ្នាំកន្លងទៅស្វាយរបស់លោក​​នាំចេញទៅ​សហគមន៍​អឺរ៉ុប​ ដោយសារតែ​វិបត្តិ​កូវីដ-​១៩ ផ្លែស្វាយ​ធ្លាក់​ចុះ​តម្លៃ​រហូត​ដល់​ពេលនេះ​គ្មាន​អ្នកទិញ​តែម្តង​ ។

គួរបញ្ជាក់ថា​ ដំណោះស្រាយរបស់ក្រសួងកសិកម្មជាមួយទីផ្សារប្រទេសចិនខាងលើ ទំនងបាន​តែកសិដ្ឋានធំៗ មិនដឹងថាមានវិសាលភាពដល់កសិករដាំស្វាយជា​លក្ខណៈគ្រួសារ​ឬយ៉ាងណានោះទេ ។ ខណៈដែល​កន្លងមកបញ្ហាប្រឈមនឹងស្វាយធ្លាក់ថ្លៃនេះ ក្រសួងក៏បានអំពាវនាវ​ឲ្យពលរដ្ឋមកចុះបញ្ជីការដាំស្វាយនៅក្រសួងដើម្បីចងក្រងគ្នា ឬដើម្បីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងព័ត៌មានទីផ្សារផងដែរ ៕ដោយ​៖សហការី​

រូបភាព​៖រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​ វេង​ សាខុន​​ ចុះពិនិត្យមេីលរោងចក្រស្វាយនាពេលកន្លងមក

...

រូបភាព​៖ប្រភពហ្វេសប៊ុកលោកឧកញ៉ា ម៉ុង ឬទ្ធី ដែលសល់ស្វាយ ៣០០តោនគ្មាន​អ្នកទិញបានបេះស្វាយឲ្យសត្វចិញ្ចឹមរបស់លោកស៊ី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print